លោក Donald Trump បាននិយាយថា លោកមានផែនការក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេដែលនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវ៉េណេស៊ុយអេឡាក្នុងរយៈពេលជិតបីទសវត្សរ៍កន្លងទៅនេះ។

លោក Trump បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ នៅពេលដែលលោកបានចាកចេញពីសេតវិមានទៅកាន់មូលដ្ឋានយោធា Fort Bragg ក្នុងរដ្ឋ ណស្ស ខារ៉ូឡៃណា(North Carolina) ជាកន្លែងដែលលោកបានជួបជាមួយទាហានដែលពាក់ព័ន្ធក្នុងការចាប់ពង្រត់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី៣ ខែមករា។

លោក Trump បាននិយាយថា «ខ្ញុំនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសវ៉េណេស៊ុយអេឡា»។ លោកបានផ្តល់ព័ត៌មានលម្អិតមួយចំនួនអំពីដំណើរទស្សនកិច្ចដែលបានគ្រោងទុក ដោយប្រាប់អ្នកសារព័ត៌មានថា «យើងមិនទាន់សម្រេចចិត្ត» លើកាលបរិច្ឆេទនៅថ្ងៃណាមួយនៅឡើយទេ។ ទោះជាយ៉ាងណា ដំណើរទស្សនកិច្ចនេះនឹងធ្វើឱ្យលោក Trump ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេចាប់តាំងពីលោក Bill Clinton នៅក្នុងឆ្នាំ១៩៩៧ ដែលបានទៅធ្វើទស្សនកិច្ចនៅប្រទេសអាមេរិកខាងត្បូងមួយនេះ ជាប្រទេសដែលលោក Trump បានកំណត់គោលដៅដោយការដាក់ទណ្ឌកម្មធ្ងន់ធ្ងរចាប់តាំងពីអាណត្តិដំបូងរបស់លោកក្នុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងថាមពលសហរដ្ឋអាមេរិក លោក Chris Wright បានក្លាយជាសមាជិកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់លោក Trump ដែលបានទៅធ្វើទស្សនកិច្ចប្រទេសវ៉េណេស៊ុយអេឡា និងជួបជាមួយរដ្ឋាភិបាលដែលដឹកនាំដោយអ្នកជំនួសលោក Maduro គឺលោកស្រី Delcy Rodriguez។ លោក Trump បានសរសើជាញឹកញាប់រលោកស្រី Rodriguez អតីតអនុប្រធានាធិបតីរបស់លោក Maduro ។ លោក Trump បាននិយាយថា «ពួកគេបានធ្វើការងារដ៏អស្ចារ្យ»។ «ប្រេងកំពុងហូរចេញ ហើយប្រាក់ជាច្រើនកំពុងត្រូវបានគេបង់ឲ្យ»។ លោកស្រី Rodriguez បានត្រួតពិនិត្យសម្បទានជាច្រើនចំពោះសហរដ្ឋអាមេរិក រួមទាំងការបង្កកការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា ការគាំទ្រច្បាប់ដើម្បីបើកឧស្សាហកម្មប្រេងគ្រប់គ្រងដោយរដ្ឋដល់ក្រុមហ៊ុនបរទេស និងការដោះលែងអ្នកទោសនយោបាយរាប់រយនាក់។