ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់កងទ័ពអាមេរិកកាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) ថា អ៊ីរ៉ង់បានបង្ក «ការលំបាក» នៅក្នុងការចរចានុយក្លេអ៊ែរ ហើយបានបង្ហើបថា ការបង្កើតភាពភ័យខ្លាចនៅក្នុងទីក្រុងតេអេរ៉ង់ ប្រហែលជារឿងចាំបាច់ដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាដោយសន្តិវិធី។

លោក Trump បានលើកឡើងពីបញ្ហាអ៊ីរ៉ង់នេះ នៅចំពោះមុខទាហានដែលកំពុងបំពេញកាតព្វកិច្ចនៅមូលដ្ឋានទ័ព Fort Bragg ក្នុងរដ្ឋ North Carolina ហើយសុន្ទរកថានេះ បានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីអាមេរិកនិយាយថា ពួកគេកំពុងបញ្ជូននាវាផ្ទុកយន្តហោះគ្រឿងទីពីរទៅកាន់មជ្ឈិមបូព៌ា។ លោក Trump និយាយថា អ៊ីរ៉ង់ពិបាកធ្វើកិច្ចព្រមព្រៀងជាមួយណាស់ ហើយពេលខ្លះ «អ្នកត្រូវតែមានភាពភ័យខ្លាច» នៅក្នុងដៃ នោះជារឿងតែមួយគត់ដែលពិតជាអាចដោះស្រាយស្ថានការណ៍បាន។

អំឡុងថ្លែងសុន្ទរកថានេះ លោក Trump ក៏បានសំដៅទៅលើការទម្លាក់គ្រាប់បែករបស់អាមេរិក លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុនផងដែរ។ នៅមុននោះ លោកបាននិយាយថា ការដាក់ពង្រាយរបស់អាមេរិក នូវនាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោក កំពុងត្រូវបានធ្វើឡើង ដើម្បី «អាចត្រៀមលក្ខណៈឱ្យបានរួចរាល់» ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ។
ប្រទេសអូម៉ង់ បានសម្របសម្រួលកិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិក កាលពីសប្តាហ៍មុន ក្នុងអ្វីដែលអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយថា បានអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ វាយតម្លៃភាពម៉ឺងម៉ាត់របស់ទីក្រុងវ៉ាស៊ីនតោន ហើយទោះបីជាពុំទាន់មានកិច្ចព្រមព្រៀងផ្លូវការ ប៉ុន្តភាគីទាំងពីរបានបង្ហាញការឯកភាពគ្នាល្មមគ្រប់គ្រាន់សម្រាប់បន្តផ្លូវការទូត។ កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចចរចាជុំបន្ទាប់រវាងអាមេរិក និងអ៊ីរ៉ង់ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ៕