យោងតាមក្រសួងឧតុនិយមបារាំង បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងពីព្យុះដ៏កំណាចមួយបានបន្តរំខានដល់ផ្នែកខ្លះនៃប្រទេសបារាំង កាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) ដោយក្តីបារម្ភអំពីទឹកជំនន់នៅតែបន្តកើតមាននៅភាគនិរតីនៅថ្ងៃសៅរ៍នេះ ទោះបីជាការជូនដំណឹងអំពីខ្យល់ខ្លាំងត្រូវបានលុបចោលក៏ដោយ។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង បាននិយាយថា ប្រទេសបារាំង បានកត់ត្រាការស្លាប់ចំនួន ២នាក់ ដែលទាក់ទងនឹងព្យុះ Nils ដែលការស្លាប់ម្នាក់កើតឡើងនៅថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ Landes និងម្នាក់ទៀតនៅតំបន់ Tarn-et-Garonne។
ប្រតិបត្តិករបណ្តាញថាមពល Enedis បាននិយាយថា ព្យុះនេះបានធ្វើឱ្យអតិថិជនរហូតដល់ ៩សែននាក់ ពុំមានអគ្គិសនីប្រើប្រាស់នោះទេ។ កាលពីព្រឹកថ្ងៃសុក្រ ប្រតិបត្តិករបានស្ដារសេវាកម្មឡើងវិញដល់ប្រហែលពាក់កណ្តាលនៃអ្នកដែលរងផលប៉ះពាល់សរុប និងបានចល័តបុគ្គលិកចំនួន ៣ពាន់នាក់ ដើម្បីដោះស្រាយបញ្ហា។
ការព្រមានឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់នៅតែខ្ពស់។ ក្រសួងឧតុនិយមបារាំង បានរក្សាការព្រមានអំពីទឹកជំនន់កម្រិតពណ៌ក្រហម សម្រាប់ទីក្រុង Gironde និង Lot-et-Garonne ហើយបន្តនៅជាធរមាននៅថ្ងៃសៅរ៍នេះ ដោយសារតែកម្រិតទឹកដ៏គ្រើថ្នាក់នៅទន្លេដ៏សំខាន់មួយ។ ក្រសួងឧតុនិយមបារាំង បាននិយាយថា ព្យុះនេះមាន «កម្លាំងមិនធម្មតា» ហើយបានបោកបក់ពីតំបន់ឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសបារាំង កាលពីយប់ថ្ងៃពុធ ចូលដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយឥឡូវនេះ បានបន្តធ្វើដំណើរទៅទិសខាងកើតចូលទៅក្នុងទ្វីបអឺរ៉ុប៕


