យោងតាមឯកសារផែនការដែលបានចេញផ្សាយដោយការិយាល័យរបស់អភិបាលរដ្ឋ New Hampshire គឺលោកស្រី Kelly Ayotte កាលពីថ្ងៃព្រហស្បតិ៍ (១២ កុម្ភៈ) បានបង្ហាញថា ទីភ្នាក់ងារអន្តោប្រវេសន៍ និងគយ (ហៅកាត់ថា ICE) របស់សហរដ្ឋអាមេរិក មានគម្រោងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ចំនួន ៣៨,៣ ពាន់លានដុល្លារ នៅចុងឆ្នាំ២០២៦នេះ លើមជ្ឈមណ្ឌលឃុំឃាំងដើម្បីឃុំខ្លួន និងដំណើរការជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ ដែលត្រូវនិរទេសចេញពីសហរដ្ឋអាមេរិក។

ឯកសារនេះត្រូវបានផ្តល់ដោយក្រសួងសន្តិសុខមាតុភូមិអាមេរិក បន្ទាប់ពីការស៊ើបអង្កេតមួយ ដែលលោកស្រី Ayotte បានធ្វើ បន្ទាប់ពីសវនាការនៅព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យលោកស្រី។
យោងតាមផែនការនេះ ទីភ្នាក់ងារ ICE មានគម្រោងទិញអគារចំនួន ១៦កន្លែងដែលមានស្រាប់ ហើយជួសជុលឡើងវិញ ដើម្បីបម្រើជាមជ្ឈមណ្ឌលដំណើរការក្នុងតំបន់ ដែលអាចផ្ទុកអ្នកជាប់ឃុំចំនួន ១.០០០ ទៅ ១.៥០០ នាក់ សម្រាប់ការស្នាក់នៅជាមធ្យមពី ៣ ទៅ ៧ ថ្ងៃ។
ទីភ្នាក់ងារនេះក៏នឹងបើកមណ្ឌលឃុំឃាំងធំៗចំនួន ៨កន្លែង ដែលមានសមត្ថភាពឃុំខ្លួនមនុស្ស ៧.០០០ ទៅ ១០.០០០ នាក់ ជាមធ្យមប្រហែល ៦០ ថ្ងៃ ដែលនឹងបម្រើជា «ទីតាំងចម្បង» សម្រាប់ជនអន្តោប្រវេសន៍ ដែលត្រូវនិរទេសទៅក្រៅប្រទេស។ ផែនការនេះបញ្ជាក់ថា មជ្ឈមណ្ឌលទាំងនេះគឺចាំបាច់ ខណៈដែលទីភ្នាក់ងារ ICE កំពុងត្រៀមលក្ខណៈសម្រាប់យុទ្ធការចាប់ខ្លួនកើនឡើងដែលត្រូវបានរំពឹងទុក នៅឆ្នាំ២០២៦នេះ បន្ទាប់ពីការជួលភ្នាក់ងារបន្ថែមចំនួន ១២.០០០នាក់ ទៀតដើម្បីបង្កើនប្រតិបត្តិការ៕

