ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារជាមួយលោកDavid Arnold ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី Asia Foundation ដោយកិច្ចជំនួបនេះបានពិភាក្សាគ្នាជាច្រើនទាក់ទង និងការអភិវឌ្ឍនៅកម្ពុជាក្រោមការផ្តួចផ្តើមរបស់អង្គការនេះ។
ក្នុងកិច្ចជំនួបនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តីបានថ្លែងអំណរគុណអង្គការមូលនិធិ Asia Foundation ដែលចាប់តាំងពីមានវត្តមាននៅកម្ពុជាជាច្រើនទសវត្សរ៍បានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍនៅកម្ពុជាតាមរយៈកម្មវិធីសំខាន់ៗរាប់ទាំងវិស័យរដ្ឋ និងឯកជន ការគាំទ្រយុវជន គាំទ្រការងារអភិបាលកិច្ចនៅមូលដ្ឋាន រួមទាំងផ្នែកខ្លះពាក់ព័ន្ធការងារពង្រឹងគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធសមត្ថកិច្ចទទួលខុសត្រូវមួយផ្នែករបស់ក្រសួងមហាផ្ទៃផងដែរ។
សម្ដេចបានក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការAsia Foundation និយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃកម្ពុជានឹងបន្តរីកចំរើនលូតលាស់កាន់តែខ្លាំងក្លាថែមទៀតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក៏ដូចជាក្នុងសមត្ថកិច្ច ឬវិសាលភាពការងាររបស់ក្រសួងហាផ្ទៃ និងជាវិសាលភាពការងារ និងការទទួលខុសត្រូវរបស់អង្គការ Asia Foundation តទៅអនាគត។
ជាមួយគ្នានោះដែរលោកDavid Arnold បានសម្ដែងនូវសេចក្ដីរីករាយ និងបានជម្រាបសម្ដេចក្រឡាហោមថាជាការពិតដូចអ្វីដែលសម្ដេចបានលើកឡើង អង្គការAsia Foundation បានធ្វើការងារលើវិស័យជាច្រើននៅកម្ពុជា ទាំងវិស័យអប់រំ ការលើកកម្ពស់យុវជន ការលើកកម្ពស់សមត្ថភាពនារីជាដើម ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការទាក់ទងនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារពង្រឹងគណនេយ្យភាពសង្គម ហៅកាត់ថា ISAF។
លោកក៏បានចូលរួមអបអរសាទរជាមួយសម្ដេចក្រឡាហោម ដែលនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ដែលនេះជាសមិទ្ធផលមួយក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោកក៏យកឱកាសនេះចូលរួមជាមួយសម្ដេចក្រឡាហោមចំពោះការដាក់ឱ្យអនុវត្តផែនការ១០ឆ្នាំដំណាក់កាលទី២នេះផងដែរ។ ក្រៅពីនេះលោក Asi David Arnold ក៏បានសម្ដែងនូវការអរគុណចំពោះសម្ដេចក្រឡាហោម និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលតែងតែផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរដល់ប្រតិបត្តិការរបស់អង្គការមូលនិធិ Asia Foundation នៅកម្ពុជា។
សម្ដេចក្រឡាហោមក៏បានសេចក្ដីរីករាយចំពោះការចូលរួមចំណែករបស់អង្គការ AsiaFoundation នៅលើវិស័យសំខាន់ៗនៅកម្ពុជា។ សម្ដេចក៏មានក្ដីសង្ឃឹមថា ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃតទៅអនាគតនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនឡើងថែមទៀតជាមួយអង្គការ AsiaFoundation ពិសេសលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយសម្ដេចផ្ទាល់ក៏ត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាទៅលើបញ្ហាផ្សេងក្នុងករណីមានត្រូវការផងដែរ៕ អត្ថបទ៖ បាន ចក់




