នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,៥៣៦គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខជនភៀសសឹកតាមមណ្ឌលសុវត្ថិភាព និងជម្រកចល័តទាំងអស់។
ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មី មួយកេសធំ, ត្រីខ មួយកេស និងថវិកាចំនួន ១,០០០.០០០រៀល។ ក្នុងនោះ ស្រ្តីមានផ្ទៃពោះ ទទួលបានថវិកាបន្ថែមចំនួន ១,០០០.០០០រៀល និងជនពិការ ទទួលបានចំនួន ៥០០,០០០រៀល៕









