កំពង់ឆ្នាំង៖ នៅវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៦ ជនសង្ស័យ២នាក់ ដែលបានឈូសបំផ្លាញដីតំបន់៣ រាប់សិបហិកតាក្នុងស្រុកកំពង់លែងនោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនមកតំណាងអយ្យការខេត្តកំពង់ឆ្នាំងវិញ ដើម្បីពន្ធនាគារតាមបញ្ញត្តិច្បាប់។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ហួត ហ៊ីម អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង និងម្នាក់ទៀតឈ្មោះ យ៉ន ចិន្តា អាយុ៥៦ឆ្នាំ រស់នៅភូមិប៉ប្រក ឃុំសំរោងសែន ត្រូវបានឃាត់ខ្លួនពេលកំពុងឈូសបំផ្លាញដី និងព្រៃក្នុងតំបន់៣ នៅចំណុចស្ពានកោះបូ ស្ថិតក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងអស់រាប់សិបហិកតា។ ការឈូសបំផ្លាញនេះ ជនសង្ស័យបានយកត្រាក់ទ័រចំនួន៤គ្រឿងចូលទៅលើកោះនោះជាច្រើនថ្ងៃ និងបានឈូសបំផ្លាញតាមចិត្ត មិនមានការរំខានណាមួយពីសមត្ថកិច្ចជំនាញ អាជ្ញាធរដែនដី ឬអាជ្ញាធរស្រុកខេត្តឡើយ។
ប្រជាពលរដ្ឋបានសំណុមពរដល់អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាស្រាវជ្រាវ និងចាត់ការបន្តចំពោះអ្នកនៅពីក្រោយករណីឈូសបំផ្លាញនេះផង កុំអោយចាប់តែជនសង្ស័យ២នាក់នោះ ព្រោះក្នុងសំណុំរឿងនេះមិនមែនមានតែ២នាក់នោះទេ សំខាន់ប្រជាពលរដ្ឋទាំងអស់ចង់ឃើញចំណាត់ការដល់អ្នកទទួលខុសត្រូវលើដីតំបន់៣ ជាដីរដ្ឋផងដែរ៕ កាំង ហុងវាស្នា
