ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង ប្រធានអគ្គលេខាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី។
ក្នុងជំនួបនោះ ឯកឧត្តម ង្វៀន តឹនគឿង បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជោគជ័យ បានចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋជាង៩០ភាគរយ ដែលនេះជាចំនួនច្រើនបំផុតក្នុងពិភពលោកនិងក្នុងតំបន់។
ឯកឧត្តមក៏បានសម្ដែង នូវការអបអរសាទរផងដែរ ជូនចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ជាពិសេសទទួលបានជោគជ័យក្នុងការរៀបចំប្រជុំអគ្គបញ្ជាការដោយផ្ទាល់ បន្ទាប់ពីការអាក់ខានការប្រជុំដោយផ្ទាល់ពីរឆ្នាំកន្លងមក ហើយបានគោរពរាយការណ៍ជូនសម្ដេចថា កងទ័ពទាំងពីរនឹងរៀបចំឲ្យមានកិច្ចប្រជុំនៅព្រំដែន ពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការលើការការពារជាតិ ការបង្កើត hot line ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាដែលអាចកើតមានឡើងឲ្យទាន់ពេលវេលា ហ្វឹកហាត់ ការស្រាវជ្រាវនិងសង្គ្រោះបន្ទាន់ព្រមទាំងចែករំលែកព័ត៌មាន និងរក្សាសន្តិសុខនិងសុវត្ថិភាពនៅតាមព្រំដែន៕


