ប៊ុលហ្គារី៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin និងសមភាគីប៊ុលហ្គារីលោក Dragomir Zakov បានទៅពិនិត្យទីតាំងហ្វឹកហាត់ Novo Selo នៅភាគអាគ្នេយ៍ប្រទេសប៊ុលហ្គារីកាលពីថ្ងៃសុក្រ។ នៅមូលដ្ឋាន ប្រមុខការពារជាតិបានជួបជាមួយទាហានអាមេរិក និងប៊ុលហ្គារីនៅក្នុងសមយុទ្ធរួមគ្នារបស់ពួកគេ ជាផ្នែកមួយនៃសកម្មភាពរបស់អង្គការណាតូនៅតំបន់ភាគខាងកើត របស់ប្រទេសជាសមាជិកអង្គការណាតូ។

ក្នុងអំឡុងពេលការចុះពិនិត្យនេះលោក Zakov បានបញ្ជាក់ពីរបៀបដែលការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខនៅអឺរ៉ុបត្រូវបានអះអាងឡើងវិញជាច្រើនដង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Zakov និយាយថា ការហ្វឹកហ្វឺនរួមគ្នាគឺជាឱកាសមួយសម្រាប់កងទ័ពប៊ុលហ្គារី ដើម្បីធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ពួកគេទទួលបានសមត្ថភាពជាក់លាក់ និងកសាងទំនុកចិត្ត។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានថ្លែងអំណរគុណ ដល់បុគ្គលិកអង្គភាពដែលបានចូលរួមការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីបង្កើនភាពរួមគ្នានៃប្រតិបត្តិការ។ នៅថ្ងៃសៅរ៍នេះលោក Austin នឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Kiril Petkov ពីប្រធានបទផលប្រយោជន៍ទ្វេភាគី៕
អត្ថបទ៖ ប៊ុនថន