នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់នគរបាលចរាចរណ៍ និងដាក់ទិសដៅការងារបន្ត ពិសេសផ្សព្វផ្សាយផែនការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការផាកពិន័យឡើងវិញ ក្រោយអត្រាគ្រោះថ្នាក់កំពុងបន្តគំរាមកំហែងដល់សុខសុវត្ថិភាពលើដងផ្លូវសាធារណៈ និងអាយុជីវិតរបស់ពលរដ្ឋអ្នកដំណើរ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយ-នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក លោកអធិការរងផែនការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
ការចុះរឹតបន្តឹងច្បាប់តាមរយៈការផាកពិន័យឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមានគោលការណ៍អនុញ្ញាតពីក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពិនិត្យឃើញថា អត្រាគ្រោះថ្នាក់មិនបានថមថយនោះឡើយ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការណ៍រឹតបន្តឹងច្បាប់តាមរយៈការចុះផ្សព្វផ្សាយអប់រំណែនាំអស់រយៈពេលជាងកន្លះឆ្នាំកន្លងមក ពោលគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ៕ អត្ថបទ៖ លីហេង





