សារព័ត៌មាន Anadolu រាយការណ៍ថា មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃអាទិត្យ ១៥កុម្ភៈ ថា សង្គ្រាមណាមួយរបស់អាមេរិកប្រឆាំងនឹងទីក្រុងតេអេរ៉ង់នឹងក្លាយជាមេរៀន សម្រាប់ប្រធានាធិបតី Donald Trump ខណៈភាពតានតឹងនៅតែបន្តពុះកញ្ជ្រោលនៅក្នុងតំបន់។អាមេរិក និងអ៊ីរ៉ង់ គ្រោងជួបចរចាជុំបន្ទាប់ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃ១៧កុម្ភៈសប្តាហ៍នេះ។

លោកឧត្តមសេនីយ៍ឯក Abdolrahim Mousavi ប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថាប្រធានាធិបតីអាមេរិកគួរតែយល់ថាលោកនឹងចូលទៅក្នុង "សមរភូមិដែលផ្តល់ជាមេរៀន"។
លោក Trump បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ "នឹងជារឿងដ៏ល្អបំផុតដែលអាចកើតឡើង" ខណៈភាពតានតឹងនៅតែក្ដៅគគុកស្របពេលមានការដាក់ពង្រាយនាវាផ្ទុកយន្តហោះទីពីររបស់សហរដ្ឋអាមេរិកទៅកាន់មជ្ឈិមបូព៌ា។
លោកបានប្រកាសថា នាវាផ្ទុកយន្តហោះ USS Gerald R. Ford ដែលត្រូវបានពិពណ៌នាថាជានាវាផ្ទុកយន្តហោះធំជាងគេបំផុតរបស់ពិភពលោក នឹងធ្វើដំណើរទៅកាន់តំបន់នេះក្នុងពេលឆាប់ៗនេះ ក្នុងករណីដែលការចរចាកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បរាជ័យ។
លោកបាននិយាយថា ក្នុងករណីដែលពួកលោកធ្វើកិច្ចព្រមព្រៀងមិនបានទេ ពួកលោកនឹងត្រូវការនាវានេះ។នាវានេះ នឹងចាកចេញក្នុងពេលឆាប់ៗនេះ។
នាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមកងនាវាពិឃាត ត្រូវបានដាក់ពង្រាយរួចហើយ ក្នុងតំបន់ឈូងសមុទ្រពែក្ស បន្ទាប់ពីត្រូវបានបញ្ជូនកាលពីខែមុនស្របពេលមានភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ៕

