អាជីវករ និងកូនខ្មែរកាត់ចិន នៅខេត្ដសៀមរាប បានសម្ដែងការរីករាយ ក្នុងការលក់ដូរគ្រឿងរណ្ដាប់ ឬទំនិញផ្សេងៗ ដូចជានំផ្លែឈើ ផ្កា សម្រាប់សែនពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅឆ្នាំនេះ ដោយពួកគាត់លើកឡើងថា ទំនិញនៅឆ្នាំនេះមានតម្លៃធម្មតា ការលក់ដូរមិនមានការដំឡើងថ្លៃនោះទេ។
អាជីវករនៅផ្សារ ក្រុងសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនេះមានប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន និងវៀតណាម ជាច្រើនបានមកទិញទំនិញ ក៏ដូជាសម្ភារៈ សម្រាប់សែនព្រេនក្នុងពិធីចូលឆ្នាំចិន វៀតណាមហើយតម្លៃទំនិញមិនមានការតម្លើងថ្លៃនោះទេ។ ប៉ុន្ដែក្រុមអាជីវករសង្កេតឃើញថា សន្ទុះចំនួនអ្នកមកទិញមានការធ្លាក់ចុះបន្ដិចបន្ទួច បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ។
ក្រុមអាជីវករលើកឡើងថា ទំនិញដែលបានលក់ដូរដាច់ច្រើន មានដូចជាផ្កា នំសែន និងផ្លែឈើ ខណៈដែលពួកគាត់ជាប់សែស្រឡាយចិន វៀតណាម តែងតែរក្សាប្រពៃណីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម និងធ្វើពិធីសែនចូលឆ្នាំចិនជារៀងរាល់ឆ្នាំ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសែស្រឡាយចិន បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាមនេះ ធ្វើឡើងទៅតាមទំនៀមទម្លាប់របស់ពួកគាត់ ហើយការធ្វើបុណ្យទាននេះបានធ្វើទៅតាមលទ្ធភាព។ ពួកគាត់បន្ដថា តម្លៃទំនិញ ក៏ដូចជាសម្ភារៈសម្រាប់សំណែនបុណ្យនេះ គឺមានលក្ខណៈធម្មតា។
ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋក៏បានអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអុចទៀនធូប ក្នុងពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ ខណៈដែលពិធីនេះមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ ឈិត សាវី




