ប្រឡាយជាង ៣០០០ ម៉ែត្រ ជាសមិទ្ធផលថ្មី ក្នុងឃុំកោះសំរោង នៃស្រុកកំពង់សៀម ត្រូវបានអាជ្ញាធរធ្វើការស្តារឡើងវិញ និងកែលម្អដើម្បីធ្វើជាអាងស្តុកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះស្រោចស្រពដំណាំកសិកម្ម និងការរស់នៅប្រចាំថ្ងៃ។
ឃុំកោះសំរោង ជាឃុំមួយមានផ្ទៃស្ថិតលើតំបន់ដីកោះ និងជាឃុំមួយក្នុងចំណោមឃុំទាំង១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយឃុំនេះហ៊ុមព័ទ្ធជុំវិញដោយទឹកទន្លេមេគង្គ។ លោក សក សុក មេឃុំកោះសំរោង នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថា តាមរយៈថវិកាមូលនិធិឃុំសង្កាត់ឆ្នាំ២០២៥ រដ្ឋបាលឃុំបានយកថវិកានេះ ទៅអភិវឌ្ឍន៍ដោយស្តារប្រឡាយ និងពង្រីកអាងស្តុកទឹកនៅរដូវប្រាំងបានប្រវែងជិត ៤ពាន់ម៉ែត្រ។ លោកមេឃុំកោះសំរោង បញ្ជាក់ថា ប្រឡាយមួយនេះជាសមិទ្ធផលថ្មីមួយដែលចាំបាច់បំផុតសម្រាប់អ្នកភូមិ ក្នុងការធ្វើកសិកម្ម និងជួយលើកស្ទួយជីវភាពប្រចាំថ្ងៃដោយពលរដ្ឋអាចទាញទឹកមកប្រើប្រាស់ដោយមិនអាចខ្វះខាតបន្តទៀតនៅរដូវប្រាំង។
ទន្ទឹមនឹងនេះដែរ លោក សន សុក មេឃុំកោះសំរោង រូបនេះក៏បានប្តេជ្ញាចិត្តបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដែលមកទទួលសេវាតាមតម្រូវដោយធ្វើឲ្យលឿនរហ័ស តម្លាភាព និងបន្តដឹកនាំកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកមេឃុំបានឱ្យដឹងថា រដ្ឋបាលឃុំ ក៏បាន ត្រៀមផែនការអភិវឌ្ឍន៍ផ្លូវបេតុងដែលសេសសល់ រួមនឹងបន្តអភិវឌ្ឍន៍តំបន់ក្រោយសាលាឃុំធ្វើជាទំបន់បង្ហៀទឹក មានសួនច្បារអាចឲ្យបងប្អូនប្រជាពលរដ្ឋដើរហាត់ប្រាណ និងលំហែកម្សាន្តនៅពេលល្ងាចផងដែរ៕ អត្ថបទ៖ ថុង សីហា




