សេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទ (១៦ កុម្ភៈ) នេះបាននិយាយថា កូរ៉េខាងជើង គ្រោងបើកបង្ហាញគោលដៅអភិវឌ្ឍន៍សព្វាវុធថ្មីនៅក្នុងសមាជបក្សលើកទី៩ ដ៏សំខាន់របស់ខ្លួននៅចុងខែកុម្ភៈនេះ ស្របពេលមានការវាយតម្លៃពីអ្នកជំនាញថា ទីក្រុងព្យុងយ៉ាង សម្រចបានតែផ្នែកមួយប៉ុណ្ណោះនៃបញ្ជីគោលដៅសមត្ថភាពដ៏ទូលំទូលាយ ដែលមេដឹកនាំលោក គីម ជុងអ៊ុន បានកំណត់ នៅក្នុងសមាជកាលពីឆ្នាំ២០២១ របស់ខ្លួន ដែលបង្ហាញពីភាពខ្វះចន្លោះដ៏សំខាន់។

ខណៈអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិកនៅតែជាចំណុចកណ្តាលនៃយុទ្ធសាស្ត្ររបស់លោក គីម ក្រុមអ្នកវិភាគនិយាយថា គោលដៅចម្រុះជាងនេះគឺស្ថិតនៅក្នុងប្រព័ន្ធសព្វាវុធធម្មតា ដែលអាចបង្កើនសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការស្វែងរកគោលដៅ សម្របសម្រួលកម្លាំង និងអនុវត្តសម្ពាធក្រោមកម្រិតនុយក្លេអ៊ែរ រួមទាំងយានដ្រូន នាវាមុជទឹក និងការឃ្លាំមើលដែលមានមូលដ្ឋានលើលំហអាកាស។
ក្នុងរបាយការណ៍ទៅកាន់សមាជបក្សលើកទី៨ កាលពីឆ្នាំ២០២១ លោក គីម បានជំរុញឱ្យមានការអភិវឌ្ឍប្រព័ន្ធជាច្រើន រួមទាំងអាវុធល្បឿនលឿនជាងសំឡេង មីស៊ីលបាលីស្ទិកអន្តរទ្វីបដើរដោយឥន្ធនៈរឹង និងផ្កាយរណបឈ្លបយកការណ៍យោធា និងយានដ្រូនផងដែរ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
ចាប់តាំងពីឆ្នាំ២០២១មក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ម្តងហើយម្តងទៀតថា លោក គីម កំពុងត្រួតពិនិត្យការសាកល្បងយានដ្រូនឈ្លបយកការណ៍ ខណៈជំរុញឱ្យផ្តល់អាទិភាពលើប្រព័ន្ធគ្មានមនុស្សបើកដែលបញ្ជាពីចម្ងាយ និងបញ្ញាសិប្បនិម្មិត AI សម្រាប់សង្គ្រាមសម័យទំនើប។ របាយការណ៍វិភាគមួយកាលពីខែកញ្ញាឆ្នាំមុន ដោយស្ថាប័នរបស់សហរដ្ឋអាមេរិក 38 North ដែលជាអង្កភាពស្រាវជ្រាវអំពីកូរ៉េខាងជើង បាននិយាយថា កូរ៉េខាងជើងកំពុងពង្រីកកម្មវិធីយានដ្រូន និងសមត្ថភាពផលិតកម្មរបស់ខ្លួន៕

