កងទ័ពប្រទេសស៊ីរីបានចូលកាន់កាប់មូលដ្ឋានយោធាមួយកន្លែងនៅភាគឦសានប្រទេស បន្ទាប់ពីការដកកងទ័ពរបស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមឃឺដ។

ក្រសួងការពារជាតិស៊ីរីបានប្រកាសកាលពីថ្ងៃអាទិត្យថា «កងកម្លាំងរបស់កងទ័ពអារ៉ាប់ស៊ីរី បានចូលកាន់កាប់មូលដ្ឋានយោធា al-Shaddadi នៅតំបន់ជនបទ Hasakah បន្ទាប់ពីការសម្របសម្រួលជាមួយភាគីអាមេរិក»។
សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការនៅមូលដ្ឋាន al-Shaddadi ចាប់តាំងពីឆ្នាំ២០១៦ បន្ទាប់ពីកងកម្លាំងដឹកនាំដោយក្រុមឃឺដដណ្តើមយកបានពីក្រុមអាយស៊ីស(ISIS)។ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនេះ កងទ័ពស៊ីរីក៏បានចូលគ្រប់គ្រងមូលដ្ឋាន al-Tanf របស់សហរដ្ឋអាមេរិក នៅជិតព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ និងហ្ស៊កដានី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់អ្នកសារព័ត៌មានថា ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កំពុង «ឈានទៅរកទិសដៅជាវិជ្ជមាន»។

លោកបាននិយាយថា «មានថ្ងៃខ្លះ យើងព្រួយបារម្ភយ៉ាងខ្លាំង ប៉ុន្តែយើងពេញចិត្តនឹងគន្លងនេះ»។ «យើងត្រូវតែរក្សាវាឱ្យស្ថិតនៅលើគន្លងនោះ។ យើងមានកិច្ចព្រមព្រៀងល្អៗរួចហើយ ហើយចំណុចសំខាន់បច្ចុប្បន្នគឺការអនុវត្ត ហើយយើងនឹងចូលរួមយ៉ាងសកម្មក្នុងរឿងនេះ»។ លោកបាននិយាយថា កិច្ចព្រមព្រៀងស្រដៀងគ្នា ត្រូវបានឈានដល់ជាមួយសហគមន៍ Druze, Bedouin និងសហគមន៍ Alawite នៅក្នុងប្រទេស។