មន្ត្រីអាមេរិកម្នាក់បាននិយាយថា ក្រុមវាយប្រហារនៅលើនាវាផ្ទុកយន្តហោះទីពីររបស់សហរដ្ឋអាមេរិក គឺនាវា USS Gerald R. Ford ត្រូវបានគេរំពឹងថានឹងទៅដល់តំបន់មជ្ឈិមបូព៌ាក្នុងរយៈពេលប្រហែលមួយសប្តាហ៍យ៉ាងឆាប់បំផុត ក្នុងពេលមានភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបញ្ជាក់ថា យោធាអាមេរិកបានបញ្ជូនក្រុមវាយប្រហារតាមនាវាផ្ទុកយន្តហោះទីពីរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីត្រៀមសម្រាប់សកម្មភាពយោធាដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើការចរចាបរាជ័យ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបនិយាយថា យោធាកំពុងត្រៀម សម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធារយៈពេលជាច្រើនសប្តាហ៍ប្រឆាំងអ៊ីរ៉ង់ ប្រសិនបើលោក Trump បញ្ជាឱ្យវាយប្រហារ។ មន្ត្រីទាំងពីររូបបាននិយាយថា មិនដូចការវាយប្រហារតាមអាកាសប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងខែមិថុនា ឆ្នាំមុនទេ ការត្រៀមសម្រាប់ប្រតិបត្តិការនេះគឺស្មុគស្មាញជាង។

ពួកគេបាននិយាយថា ប្រសិនបើសង្គ្រាមផ្ទុះឡើង យោធាសហរដ្ឋអាមេរិកនឹងពង្រីកគោលដៅដើម្បីរួមបញ្ចូលរដ្ឋាភិបាលអ៊ីរ៉ង់ និងភ្នាក់ងារសន្តិសុខ ហើយក៏នឹងវាយតម្លៃយ៉ាងពេញលេញអំពីទំហំនៃសកម្មភាពសងសឹកដែលអាចកើតមានដោយអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ធ្លាប់បាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ នោះអ៊ីរ៉ង់នឹងវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។
សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានរៀបចំកិច្ចចរចាដោយប្រយោលកាលពីថ្ងៃទី៦ ខែកុម្ភៈ នៅរដ្ឋធានី Muscat ប្រទេសអូម៉ង់ ហើយកិច្ចចរចាជុំបន្ទាប់ត្រូវបានគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។