ប្រធានទីភ្នាក់ងារបាននិយាយថា សហរដ្ឋអាមេរិកនៅតែមិនទាន់ច្បាស់លាស់អំពីទីភ្នាក់ UNRWA នៅឡើយទេ ពីរបៀបដែលខ្លួនចាត់ទុកតួនាទីរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិមួយនេះនៅពេលអានគត ដោយព្រមានថា ការបំផ្លាញទីភ្នាក់ងារនឹងបង្កើតភាពចន្លោះប្រហោងដែលស្រដៀងគ្នាទៅនឹងប្រទេសអ៊ីរ៉ាក់ក្រោយឆ្នាំ២០០៣។

រដ្ឋបាលលោក Trump បានចោទប្រកាន់ទីភ្នាក់ងារនេះថាមានទំនាក់ទំនងជាមួយក្រុមហាម៉ាសអ៊ីស្លាមនិយមប៉ាឡេស្ទីន ជាការចោទប្រកាន់ដែលទីភ្នាក់ងារ UNRWA បានជំទាស់យ៉ាងខ្លាំង។ ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកផ្តល់ជំនួយធំបំផុតរបស់ទីភ្នាក់ងារ UNRWA ជាយូរមកហើយ ប៉ុន្តែបានបញ្ឈប់ការផ្តល់មូលនិធិកាលពីក្នុងខែមករា ឆ្នាំ២០២៤ បន្ទាប់ពីអ៊ីស្រាអែលបានចោទប្រកាន់បុគ្គលិកទីភ្នាក់ងារ UNRWA ប្រមាណ១០នាក់ថាបានចូលរួមក្នុងការវាយប្រហារដ៏បង្ហូរឈាមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ របស់ក្រុមហាម៉ាស ដែលបានបង្កឱ្យមានសង្គ្រាមនៅតំបន់ហ្កាហ្សា។

លោក Philippe Lazzarini បានប្រាប់សារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ថា «ប្រសិនបើអ្នកកម្ចាត់ទីភ្នាក់ងារដូចជាទីភ្នាក់ងាររបស់យើងមុនពេលអ្នកមានជម្រើស អ្នកក៏កំពុងបង្កើតភាពចន្លោះប្រហោងដ៏ធំដែរ»។ «ចងចាំអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ទេ? នៅពេលនោះ រដ្ឋបាលទាំងមូលត្រូវបានរុះរើ។ គ្មានជម្រើសផ្សេងទៀតទេ ហើយប្រជាជនត្រូវបានទុកចោលដោយគ្មានសេវាណាមួយឡើយ»។ ទីភ្នាក់ងារ UNRWA បានដំណើរការរយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុងនាមជាទីភ្នាក់ងារអន្តរជាតិដ៏សំខាន់ ដែលផ្តល់សុខុមាលភាពដល់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ ជាអ្នកដែលបានភៀសខ្លួន ឬត្រូវបានបណ្តេញចេញពីលំនៅឋានក្នុងអំឡុងពេលសង្គ្រាមជុំវិញការបង្កើតប្រទេសអ៊ីស្រាអែល។ លោក Lazzarini ដែលនឹងចាកចេញពីតំណែងនៅចុងខែមីនា បាននិយាយថា ទីភ្នាក់ងារនេះមិនបានមើលឃើញពីការកាត់បន្ថយបន្ថែមទៀតនោះទេក្នុងរយៈពេលដ៏ខ្លីនេះ ហើយទីភ្នាក់ងារបានបន្តផ្តល់សេវាសុខភាពសាធារណៈ និងអប់រំ ដែលគ្មាននរណាម្នាក់ផ្សេងទៀតកំពុងផ្តល់ឲ្យនោះឡើយ។