មនុស្សរាប់លាននាក់បានចូលរួមក្នុងការប្រមូលផ្ដុំនានាទូទាំងពិភពលោកដើម្បីបង្ហាញសាមគ្គីភាពដល់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់ ដែលបានឆ្លើយតបដោយការបង្ក្រាបដ៏ហិង្សា។

យោងតាមទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មនុស្សយ៉ាងហោចណាស់៧.០១០នាក់ ភាគច្រើនជាក្រុមអ្នកតវ៉ា ត្រូវបានសម្លាប់ក្នុងការបង្ក្រាប ទោះបីជាក្រុមសិទ្ធិមនុស្សផ្សេងទៀតនិយាយថា ចំនួនអាចមានខ្ពស់ជាងនេះក៏ដោយ ។ទីភ្នាក់ងារព័ត៌មានសកម្មជនសិទ្ធិមនុស្សដដែលនិយាយថា មនុស្សចំនួន៥៣.៨៤៥នាក់ ត្រូវបានចាប់ខ្លួន។

កាលពីចុងសប្ដាហ៍នេះលោក Reza Pahlavi ជាកូនប្រុសរបស់អតីតមេដឹកនាំអ៊ីរ៉ង់មួយរូបដែលបាននិរទេស បានថ្លែងទៅកាន់ហ្វូងមនុស្សប្រហែល២០ម៉ឺននាក់ក្នុងទីក្រុងមុយនីចរបស់ប្រទេសអាល្លឺម៉ង់ដោយប្រាប់ពួកគេថា រូបលោកបានត្រៀមខ្លួនដើម្បីដឹកនាំប្រទេសអ៊ីរ៉ង់ឆ្ពោះទៅរកអនាគតប្រជាធិបតេយ្យដោយគ្មានជាប់ពាក់ព័ន្ធនឹងសាសនាឡើយ។
ជាមួយគ្នានោះ មនុស្សរាប់ម៉ឺននាក់ បានចូលរួមក្នុងក្បួនបាតុកម្មសាមគ្គីនានាក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុង Los Angeles, Washington, Toronto, Tel Aviv, Lisbon, Sydney និងទីក្រុង London។
នៅក្នុងទីក្រុង Toronto របស់ប្រទេសកាណាដា ជាទីដែលគេបានប៉ាន់ប្រមាណថាមានមនុស្សប្រហែល ៣៥០.០០០នាក់បានចូលរួមកាតវ៉ា ក្រុមអ្នកចូលរួមបានប្រាប់ទូរទស្សនស៍ BBC ថា ពួកគេមកទីនេះដើម្បីបញ្ចេញសំឡេងជំនួសមិត្ត និងគ្រួសាររបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់៕
