ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថា ថ្មីៗនេះប្រភពព័ត៌មានពីក្រុមមន្រ្តីយោធាអ៊ីស្រាអែលជាន់ខ្ពស់ បានលើកឡើងថា គេនឹងត្រូវចំណាយពេលជាច្រើនខែ មុនពេលគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន អាចចាប់ផ្តើមដំណើរការជាក់ស្តែងយ៉ាងពិតប្រាកដក្នុងតំបន់ហ្កាហ្សា ដែលជាសញ្ញាបង្ហើបប្រាប់ថា មានភាពយឺតយ៉ាវក្នុងដំណើរការបទឈប់បាញ់ ខណៈគណៈកម្មាធិការបច្ចេកទេសនេះគឺជាធាតុផ្សំដ៏សំខាន់ក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀង។

មានសញ្ញាកាន់តែច្រើនឡើងៗពីមន្ត្រីអ៊ីស្រាអែលនិងបរទេសថា នឹងពុំមានវឌ្ឍនភាពធំដុំណាមួយឆ្ពោះទៅរកបទឈប់បាញ់ដំណាក់កាលទី២នៅដែនដីហ្កាហ្សា របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នោះទេ នៅមុនចុងខែកុម្ភៈខាងមុខនេះ។ ក្រុមមន្រ្តីមកពីកងកម្លាំងយោធាអ៊ីស្រាអែល IDF បាននិយាយថា សូម្បីតែក្នុងសេណារីយ៉ូល្អបំផុតក៏ដោយ ក៏នឹងត្រូវចំណាយពេលជាច្រើនខែដែរ មុនពេលគណៈកម្មាធិការបច្ចេកវិទ្យាប៉ាឡេស្ទីន អាចត្រូវបានប្រកាសជាផ្លូវការដោយរដ្ឋបាលលោក ត្រាំ ជាផ្នែកសំខាន់មួយនៃដំណាក់កាលទីទីពីរក្នុងខែមករា។
ចាប់តាំងពីខែមករាមក ពុំមានការប្រកាសឬរបាយការណ៍ណាមួយថា គណៈកម្មាធិការនេះកំពុងទទួលយកការគ្រប់គ្រងហ្កាហ្សានោះទេ មិនថាមុខងារស៊ីវិលណាមួយឡើយ ទោះបីជាក្រុមហាម៉ាសបាននិយាយជាសាធារណៈថា ខ្លួនមានឆន្ទៈក្នុងការប្រគល់អភិបាលកិច្ចទៅឱ្យគណៈកម្មាធិការនេះក៏ដោយ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Nickolay Mladenov មេដឹកនាំគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាសន្តិភាព បាននិយាយនៅទីក្រុង Munich ថា ពុំមានមូលដ្ឋានណាមួយសម្រាប់គណៈកម្មាធិការត្រួតពិនិត្យរបស់លោក ឬគណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន អាចចាត់វិធានការនៅហ្កាហ្សាបាននោះទេ លុះត្រាតែការរំខានស្ទើរតែរាល់ថ្ងៃនៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានបញ្ឈប់៕

