ក្នុងឆ្នាំ២០២៥កន្លងមកនេះ មានអ្នកជំងឺដែលមកពិគ្រោះ ជំងឺតែមិនសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន៧៩៥,៣០៣ករណី កើនឡើង៣១% និងសម្រាកព្យាបាលមានចំនួន ៩០,៧៤៦នាក់ ដែលមានការកើនឡើងជាង ១៥% បើធៀប នឹងឆ្នាំ២០២៤កន្លងមកនេះ។ នេះបើតាម ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត នៃក្រសួងសុខាភិបាល ថ្លែងប្រាប់ BTV នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យ បានឱ្យដឹងថា ជាទូទៅក្នុងមួយថ្ងៃ មានអ្នកជំងឺមកពិគ្រោះជំងឺតែមិនសម្រាកនៅមន្ទីរពេទ្យចន្លោះពី២.០០០នាក់ ទៅ៣.០០០នាក់ ចំណែកអ្នកជំងឺសម្រាកក្នុងមនី្ទរពេទ្យ មានចំនួនចន្លោះពី១.០០០នាក់ ទៅ២.០០០នាក់។ ចំនួនដែលកើនឡើងនេះ គឺជាការសម្តែងអំពីការជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ និងការជឿទុកចិត្តកាន់តែខ្លាំង មកលើមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត យើង។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលតែងតែចង្អុលបង្ហាញ ណែនាំ និងជួយបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំដល់ថ្នាក់ដឹកនាំយើងទាំងអស់គ្នា ព្រមទាំងបានជួយជ្រោមជ្រែងជានិច្ចកាល ទើបធ្វើឲ្យមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានការរីកចំរើន និងអាចជួយដល់ប្រជាពលរដ្ឋយើងឲ្យទទួលបានការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាពខ្ពស់៕អត្ថបទ រដ្ឋា
