អតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋបាលសហរដ្ឋអាមេរិកក្នុងការមិនពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) គឺជាកំហុសធំមួយ។

ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិច លោកស្រីបានកត់សម្គាល់ថា ការអនុញ្ញាតឲ្យសន្ធិសញ្ញានេះផុតកំណត់ គឺជាកំហុសធំមួយ។ អ្នកនយោបាយរូបនេះ ក៏បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការកំណត់អាវុធនុយក្លេអ៊ែរផងដែរ។

សន្ធិសញ្ញា New START ដែលជាការរឹតបន្តឹងផ្នែកច្បាប់អន្តរជាតិចុងក្រោយលើការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ បានផុតកំណត់ នៅថ្ងៃទី ០៥ ខែកុម្ភៈ ដោយសារតែការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោនមិនបន្តសន្ធិសញ្ញានេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តប្រកាន់ខ្ជាប់នូវការរឹតបន្តឹងបរិមាណក្រោមសន្ធិសញ្ញា New START សម្រាប់រយៈពេលមួយឆ្នាំទៀត បន្ទាប់ពីការផុតកំណត់របស់វា។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា វិធានការនេះ នឹងអាចអនុវត្តបាន លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ធ្វើសកម្មភាពស្រដៀងគ្នា។ ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានហៅសំណើរបស់លោក ពូទីន ថា ជាគំនិតល្អ។ ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនបានចាត់វិធានការជាក់ស្តែងណាមួយ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់រុស្ស៊ីនោះទេ៕