ទីផ្សារតម្លៃប្រេងនៅថ្ងៃចន្ទ (១៦ កុម្ភៈ) បានជួញដូរដោយមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ខណៈដែលវិនិយោគិនកំពុងថ្លឹងថ្លែងពីផលប៉ះពាល់ទីផ្សារនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាពេលខាងមុខ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង ទល់នឹងបញ្ហាការផ្គត់ផ្គង់របស់អង្គការ OPEC+។
ប្រេងឆៅប្រភេទ Brent បានកើនឡើង ៣សេន ដល់តម្លៃ ៦៧,៧៨ ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០៣:៥៨នាទីទៀបភ្លឺថ្ងៃចន្ទនេះ ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិក មានតម្លៃ ៦២,៩១ ដុល្លារក្នុងមួយបារ៉ែល ពោលគឺកើនឡើង ២សេន។

កាលពីសប្តាហ៍មុន សន្ទស្សន៍តម្លៃប្រេងទាំងពីរបានធ្លាក់ចុះប្រចាំសប្តាហ៍ ដោយសន្ទស្សន៍ Brent បានធ្លាក់ចុះប្រហែល ០,៥% និងសន្ទស្សន៍ WTI ធ្លាក់ចុះ ១% បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថា ទីក្រុងវ៉ាស៊ីនតោនអាចធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ក្នុងរយៈពេលមួយខែខាងមុខ។
ប្រទេសទាំងពីរគ្រោងនឹងធ្វើកិច្ចចរចាជុំទីពីរនៅទីក្រុងហ្សឺណែវ នៅថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីបានបន្តការចរចានៅដើមខែកុម្ភៈ ដែលមានគោលបំណងដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍របស់ពួកគេលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធាជាថ្មី៕
