ក្រសួងថាមពល និងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (១៥ កុម្ភៈ) បានអនុវត្តការហ្វឹកហ្វឺនដឹកជញ្ជូនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូចមួយគ្រឿង ជាលើកដំបូងបំផុត នៅលើយន្តហោះដឹកទំនិញ ចេញពីរដ្ឋ California ទៅកាន់រដ្ឋ Utah ដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការដាក់ពង្រាយថាមពលនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស សម្រាប់ការប្រើប្រាស់យោធា និងស៊ីវិល។
ក្រសួងទាំងនេះបានសហការជាមួយក្រុមហ៊ុន Valar Atomics ដែលមានមូលដ្ឋាននៅរដ្ឋ California ដើម្បីអនុវត្តប្រតិបត្តិការហោះហើរមីក្រូរ៉េអាក់ទ័រ Ward មួយគ្រឿង នៅលើយន្តហោះ C-17 ដោយមិនប្រើឥន្ធនៈនុយក្លេអ៊ែរ ទៅកាន់មូលដ្ឋានទ័ពអាកាស Hill ក្នុងរដ្ឋ Utah។

លោក Chris Wright រដ្ឋមន្ត្រីក្រសួងថាមពល និងលោក Michael Duffey អនុរដ្ឋមន្ត្រីក្រសួងការពារជាតិទទួលបន្ទុកផ្នែកទិញយក និងទ្រទ្រង់ បានស្ថិតនៅលើជើងហោះហើរ C-17 ជាមួយនឹងរ៉េអាក់ទ័រ និងគ្រឿងបន្លាស់របស់ម៉ាស៊ីន ហើយបានសាទរព្រឹត្តិការណ៍នេះថា ជាជំហានដ៏ជោគជ័យមួយសម្រាប់ថាមពលនុយក្លេអ៊ែរ និងភស្តុភារយោធារបស់សហរដ្ឋអាមេរិក។
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មើលឃើញថា រ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើន ដើម្បីពង្រីកផលិតកម្មថាមពលរបស់សហរដ្ឋអាមេរិក។ កាលពីខែឧសភា ឆ្នាំមុន លោក Trump បានចេញក្រឹត្យចំនួន៤ ដែលមានគោលបំណងជំរុញការដាក់ពង្រាយនុយក្លេអ៊ែរក្នុងស្រុក ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងសម្រាប់សន្តិសុខជាតិ និងការរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) ដែលមានលក្ខណៈប្រកួតប្រជែង៕

