របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អ្នកស្រុកមួយចំនួននៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ កន្លងទៅ បាននាំគ្នាស្រែកឃ្លាប្រឆាំងនឹងថ្នាក់ដឹកនាំសាសនារបស់អ៊ីរ៉ង់ ចេញពីយ៉រមុខផ្ទះ និងតាមបង្អួច រយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីជនជាតិអ៊ីរ៉ង់នៅបរទេសបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មដ៏ធំនៅអឺរ៉ុប និងអាមេរិកខាងជើង ដើម្បីប្រឆាំងរបបអ៊ីរ៉ង់ និងគាំទ្រហ្វូងបាតុករក្នុងសាធារណរដ្ឋអ៊ិស្លាមមួយនេះ។
អ៊ីរ៉ង់ ក្រោមការដឹកនាំរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei ត្រូវបានរង្គោះរង្គើដោយចលនាតវ៉ាមួយ ដែលបានកើនឡើងដល់កម្រិតគ្រោះថ្នាក់ខ្លាំងកាលពីខែមករា ហើយយោងទៅតាមក្រុមសិទ្ធិមនុស្ស ក្រុមបាតុករត្រូវបានបង្ក្រាបដោយកងកម្លាំងសន្តិសុ ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។

ខណៈដែលការតវ៉ាតាមដងផ្លូវនៅអ៊ីរ៉ង់ បានស្ងប់ស្ងាត់ទៅវិញដោយសារការបង្ក្រាបនេះ ប្រជាជននៅទីក្រុងតេអេរ៉ង់ និងទីក្រុងដទៃទៀត កាលពីសប្តាហ៍មុន បានចាប់ផ្តើមស្រែកឃ្លាប្រឆាំងនឹងថ្នាក់ដឹកនាំ ចេញពីផ្ទះរបស់ពួកគេផ្ទាល់ នៅក្នុងអគារផ្ទះល្វែងធំៗ។ យោងតាមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលតាមដានស្ថានការណ៍អ៊ីរ៉ង់ បានឱ្យដឹងថា មានសម្រែកតវ៉ាពេលយប់ថ្មីមួយ ដោយប្រជាជននៅក្នុងស្រុក Ekbatan ភាគខាងកើតទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដែលបានស្រែកថា «សូមឱ្យលោក Khamenei ស្លាប់ទៅ» «សូមឱ្យសាធារណរដ្ឋអ៊ិស្លាមស្លាប់ទៅ» និង «សូមឱ្យស្តេចមានព្រះជន្មយឺនយូរ» ដោយសំដៅលើខ្សែរាជវង្សចុងក្រោយរបស់អ៊ីរ៉ង់ មុនបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩។
សកម្មភាពនៅអ៊ីរ៉ង់នោះ បានកើតឡើងបន្ទាប់ពីលោក Reza Pahlavi ដែលជាបុត្រាអង្គចុងក្រោយនៃរាជវង្សអ៊ីរ៉ង់ដែលត្រូវបានផ្តួលរំលំដោយបដិវត្តន៍អ៊ិស្លាម បានជំរុញឱ្យប្រជាជននៅក្នុងប្រទេសធ្វើសកម្មភាពតវ៉ាបែបនេះ ស្របគ្នាជាមួយនឹងការតវ៉ានៅក្រៅប្រទេសកាលពីចុងសប្តាហ៍។ នគរបាលនៅក្នុងទីក្រុង Munich ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បាននិយាយថា មនុស្សចំនួន ២៥ម៉ឺននាក់ បានចូលរួមការជួបជុំតវ៉ាមួយនៅទីនោះ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលលោក Pahlavi ឡើងថ្លែងសុន្ទរកថាដោយផ្ទាល់៕

