យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សជាង ៦.០០០ នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលត្រឹមតែជាង ៣ថ្ងៃប៉ុណ្ណោះ នៅពេលដែលកងកម្លាំងយោធាប៉ារ៉ាស៊ូដង់ មួយក្រុមបានបញ្ចេញ «រលកនៃអំពើហិង្សាដ៏ខ្លាំងក្លា គួរឱ្យភ្ញាក់ផ្អើលទាំងទំហំ និងភាពឃោរឃៅ» នៅក្នុងតំបន់ Darfur ប្រទេសស៊ូដង់ កាលពីចុងខែតុលា ឆ្នាំមុន។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ (១៣ កុម្ភៈ) សប្ដាហ៍មុនថា ការវាយលុករបស់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF កាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីដណ្តើមយកទីក្រុង El-Fasher បណ្ដាលឱ្យមានអំពើឃោរឃៅយ៉ាងទូលំទូលាយ ដែលបង្កើតបានជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
កងកម្លាំង RSF និងកងជីពលអារ៉ាប់សម្ព័ន្ធមិត្តរបស់ខ្លួន Janjaweed បានវាយលុកទីក្រុង El-Fasher ដែលជាបន្ទាយតែមួយគត់ដែលនៅសេសសល់របស់កងទ័ពស៊ូដង់នៅតំបន់ Darfur កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ ហើយវាយលុកទូទាំងទីក្រុងនេះ និងតំបន់ជុំវិញ បន្ទាប់ពីការឡោមព័ទ្ធជាង ១៨ខែ។

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានចងក្រងឯកសារអំពីការសម្លាប់មនុស្សតិច ៤.៤០០ នាក់នៅខាងក្នុងក្រុង El-Fasher រវាងថ្ងៃទី២៥ ខែតុលា និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ខណៈមនុស្សជាង ១.៦០០ នាក់ផ្សេងទៀតត្រូវបានសម្លាប់ នៅពេលដែលពួកគេព្យាយាមរត់គេចពីការវាយលុករបស់កងកម្លាំង RSF។
របាយការណ៍របស់ទីភ្នាក់ងារ UN នេះបានឱ្យដឹងទៀតថា ក្នុងករណីមួយ ក្រុមយុទ្ធជន RSF បានបាញ់ប្រហារដោយប្រើអាវុធធុនធ្ងន់ទៅលើហ្វូងមនុស្ស ១.០០០នាក់ ដែលកំពុងជ្រកកោននៅក្នុងអន្តេវាសិកដ្ឋាន Rashid ក្នុងសាកលវិទ្យាល័យក្រុង El-Fasher កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដដែលនោះ ដោយបានសម្លាប់មនុស្សប្រហែល ៥០០នាក់៕

