អ្នកគាំទ្រប្រទេសគុយបា កាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ បានមកប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានទូតគុយបា ក្នុងទីក្រុង Mexico City ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសកោះមួយនេះ និងតវ៉ាប្រឆាំងការបិទផ្លូវប្រេងដាក់ដោយសហរដ្ឋអាមេរិក ដែលក្រុមអ្នកតវ៉ានិយាយថាបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរចំពោះការលំបាកផ្នែកសេដ្ឋកិច្ច។
ការប្រមូលផ្តុំគ្នាដោយសន្តិវិធី រៀបចំដោយក្រុមសាមគ្គីភាពគាំទ្រគុយបា មានទង់ជាតិគុយបា បដា ស្រែកពាក្យស្លោក និងសកម្មភាពវប្បធម៌។ ក្រុមអ្នកតវ៉ាបានថ្កោលទោសការរឹតត្បិតប្រេងឥន្ធនៈថាជាទម្រង់នៃ «ការធ្វើឲ្យថប់ដង្ហើម» សេដ្ឋកិច្ច និងទាមទារឱ្យមានការបន្តការដឹកជញ្ជូនប្រេងឆៅរបស់ប្រទេសម៉ិកស៊ិក និងជំនួយមនុស្សធម៌។

អនុប្រធានបេសកកម្មគុយបាប្រចាំប្រទេសម៉ិកស៊ិក លោកស្រី Johanna Tablada de la Torre បាន អរគុណដល់ប្រទេសម៉ិកស៊ិក និងរដ្ឋាភិបាលរបស់ប្រទេសចំពោះ «ការការពារអធិបតេយ្យភាព» របស់ប្រទេសគុយបា។ លោកស្រី បានច្រានចោលការអះអាងដែលបង្ហាញថារដ្ឋាភិបាលគុយបាមានកំហុសចំពោះវិបត្តិនេះ ដោយចាត់ទុកនិទានកថាបែបនេះថាជា «ព័ត៌មានមិនពិតធ្វើឲ្យយល់ច្រឡំ»។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសថាប្រទេសគុយបា «ជាការគំរាមកំហែង និងមិនប្រក្រតី» ចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងបាននិយាយថាកោះដែលគ្រប់គ្រងដោយកុម្មុយនិស្តមួយនេះនឹងលែងទទួលបានប្រេងពីប្រទេសវ៉េណេស៊ុយអេឡាទៀតហើយ។ ទីក្រុងវ៉ាស៊ីនតោន បានគំរាមដំឡើងពន្ធលើអ្នកផ្គត់ផ្គង់ផ្សេងទៀត ដូចជាប្រទេសម៉ិកស៊ិក ប្រសិនបើពួកគេបន្តបញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសកោះមួយនេះ។
