ទីក្រុងតូក្យូ បានឲ្យដឹងថា ខ្លួនបានដាក់ «ការតវ៉ាយ៉ាងម៉ឺងម៉ាត់» ទៅកាន់ប្រទេសចិន តាមរយៈបណ្តាញការទូត បន្ទាប់ពីអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងប៉េកាំង លោក Wang Yi បានចោទប្រកាន់ «កងកម្លាំងស្តាំនិយមជ្រុល» នៅក្នុងប្រទេសជប៉ុនថា កំពុងស្វែងរកការរស់ឡើងវិញនៃយោធានិយម។

អំឡុងពេលនិយាយនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ក្នុងប្រទេសអាល្លឺម៉ង់ លោក Wang បានផ្ដល់ការយល់ឃើញរបស់លោក ចំពោះទំនាក់ទំនងបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងតូក្យូ ដែលកំពុងស្ថិតនៅក្នុងភាពតានតឹងយ៉ាងខ្លាំង ចាប់តាំងពីនាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi បានធ្វើអត្ថាធិប្បាយ អំពីកោះតៃវ៉ាន់ កាលពីខែវិច្ឆិកាឆ្នាំមុន។
លោក Wang បាននិយាយថា៖ «ប្រជាជនជប៉ុនមិនគួរបណ្ដោយឲ្យខ្លួនឯងត្រូវបានរៀបចំគ្រប់គ្រង ឬដឹកនាំខុសដោយកងកម្លាំងស្តាំនិយមជ្រុលទាំងនោះ ឬដោយអ្នកដែលស្វែងរកការរស់ឡើងវិញនៃយោធានិយមទៀតឡើយ ។ ប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់ គួរតែផ្ញើការព្រមានច្បាស់លាស់ទៅកាន់ប្រទេសជប៉ុន នោះគឺថា ប្រសិនបើប្រទេសនេះជ្រើសរើសដើរត្រឡប់ទៅចូលផ្លូវនេះវិញនោះ ខ្លួននឹងមានតែឆ្ពោះទៅរកការបំផ្លាញខ្លួនឯងប៉ុណ្ណោះ»។
តាមរយៈសារលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យ (ទី១៥ ខែកុម្ភៈ ឆ្នាំ) ក្រសួងការបរទេសជប៉ុន បានច្រានចោលការអះអាងនេះ ដោយចាត់ទុកថា ជាការនិយាយ «មិនត្រឹមត្រូវ និងគ្មានមូលដ្ឋានតាមការពិតជាក់ស្ដែង»។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន គឺជាការឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរឡើង ហើយមិនត្រូវបានដឹកនាំប្រឆាំងនឹងប្រទេសទី៣ ជាក់លាក់ណាមួយឡើយ»។
សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ថា រដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi បានបញ្ជាក់ជំហររបស់លោកយ៉ាងច្បាស់នៅក្នុងវគ្គមួយផ្សេងទៀតនៃសន្និសីទនោះ ហើយបន្ទាប់មកបានរិះគន់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងភាគីចិន តាមរយៈបណ្តាញការទូត។ គួរបញ្ជាក់ថា ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះនៅក្នុងអាណត្តិរបស់លោកស្រី លោកស្រី Takaichi បាននិយាយថា ប្រទេសជប៉ុននឹងធ្វើអន្តរាគមន៍យោធា ពេលមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់៕

