បាល់ទាត់៖ Manchester City បានរំកិលខ្លួនឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ហើយក្រោយជ័យជំនះជើងទី២ លើ Borussia Monchengladbach ២-០ យប់មិញ។

នាំមុខនៅជើងទីមួយ ២-០ ក្រុមកំពូលតារាងនៅ Premier League ឈានចូលជើងទី២ ដោយចាប់ផ្តើមនាំមុខបន្តទៀតនៅនាទីទី១២ ដោយការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Kevin de Bruyne។ ៦នាទីក្រោយមក Manchester City ក៏រកបានគ្រាប់ទី២ របស់ខ្លួននៅនាទីទី១៨ ដោយ Ilkay Gundogan។ ចប់ការប្រកួត Manchester City យកឈ្នះសរុបទាំងពីរជើង ៤-០ នៅលើកីឡដ្ឋាន Pukas Arena ទីក្រុង Budapest ប្រទេសហុងគ្រី។

នេះជាការឈានឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ៤រដូវកាលជាប់គ្នាសំរាប់ Manchester City ស្របពេលក្រុមរបស់លោក Pep Guardiola កំពុងស្ថិតក្នុងវិថីជោគជ័យខ្លាំងក្នុងរដូវកាលនេះ ពោលគឺគ្រប់ពានទាំងអស់សុទ្ធតែស្ថិតក្នុងដៃដែល រួមមានPremier League កំពុងនាំមុខដាច់ ១៤ពិន្ទុ ខណៈ FA Cup, League Cup និង UEFA Champions League៕
អត្ថបទ៖នាង សុភាវុធ