រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយក្នុងន័យចំអកដល់សន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ដោយបានប្រៀបធៀបថា គ្រាន់តែជា «ឆាកសម្ដែងសៀក» ដោយចោទប្រកាន់មហាអំណាចអឺរ៉ុបថា «អសកម្ម និងមិនពាក់ព័ន្ធ» នៅក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យរស់ឡើងវិញនូវការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា មន្ត្រីអ៊ីរ៉ង់មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំសន្តិសុខប្រចាំឆ្នាំ នៅក្នុងទីក្រុងរបស់អាល្លឺម៉ង់នេះនោះទេ។ ហើយកាលពីថ្ងៃអាទិត្យ (ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) លោក Araghchi បានសរសេរនៅលើបណ្ដាញសង្គម X ថា «គួរឲ្យសោកស្ដាយដែលបានឃើញសន្និសីទសន្តិសុខទីក្រុងមុយនិក ដែលជាធម្មតា គឺជាវេទិកាដ៏ប្រាកដប្រជា បានប្រែក្លាយទៅជា «ឆាកសម្ដែងសៀកទីក្រុងមុយនិក» នៅពេលនិយាយពាក់ព័ន្ធនឹងអ៊ីរ៉ង់»។
តាមរយៈសារនោះ លោកបានសង្កត់ធ្ងន់ថា៖ «ភាពអសកម្ម និងមិនពាក់ព័ន្ធរបស់ EU/E3 (សហភាពអឺរ៉ុប/ប្រទេសមហាអំណាចទាំង៣ នៅអឺរ៉ុប) ត្រូវបានបង្ហាញនៅក្នុងសន្ទុះ ក្នុងការពិភាក្សាបច្ចុប្បន្ន ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ធ្លាប់ជាអ្នកចចារដ៏សំខាន់ ឥឡូវនេះអឺរ៉ុបគ្មានកន្លែងណាអាចមើលឃើញសកម្មភាពនោះឡើយ។ ផ្ទុយទៅវិញ មិត្តរបស់យើង នៅក្នុងតំបន់ (ឈូងសមុទ្រ) មានប្រសិទ្ធភាព និងផ្ដល់ប្រយោជន៍ជាង E3 ដែលគ្មានឥទ្ធិពល និងមិនសំខាន់»។

E3 ដែលរួមមានប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ គឺជាតួអង្គដ៏សំខាន់នៅក្នុងការចរចានុយក្លេអ៊ែរជុំមុន រវាងមហាអំណាចពិភពលោក និងអ៊ីរ៉ង់។ ដំណើរការនោះបានបញ្ចប់នៅឆ្នាំ២០១៥ ដោយទទួលបានផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ ជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលមានគោលបំណងកំណត់វិសាលភាពនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។
នៅថ្ងៃអង្គារ ប្រទេសអូម៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បន្ទាប់ពីការចរចាដោយប្រយោលពីមុននៅទីក្រុង Muscat កាលពីថ្ងៃទី៦ ខែកុម្ភៈ។ កិច្ចចរចាទាំងនោះត្រូវបានចូលរួមដោយអ្នកតំណាងសហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសារ និងជាទីប្រឹក្សារបស់លោក Trump គឺលោក Jared Kushner៕

