ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) ថា លោកស្រីមានអារម្មណ៍ថា រដ្ឋាភិបាល EU មិនទាន់ត្រៀមខ្លួនផ្តល់ឲ្យអ៊ុយក្រែននូវកាលបរិច្ឆេទនៅឡើយទេ សម្រាប់សមាជិកភាព ទោះបីជាមានការទាមទារឲ្យធ្វើដូច្នេះពីប្រធានាធិបតី លោក Volodymyr Zelenskyy ក៏ដោយ។

លោក Zelenskyy បានលើកឡើងម្តងទៀតកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា លោកត្រូវការកាលបរិច្ឆេទជាផ្នែកមួយនៃការធានាសន្តិសុខ សម្រាប់កញ្ចប់សន្តិភាពចុងក្រោយជាមួយរុស្ស៊ី។ តែលោកស្រី Kallas បាននិយាយនៅឯសន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ថា៖ «អារម្មណ៍របស់ខ្ញុំ គឺថា រដ្ឋជាសមាជិកមិនទាន់ត្រៀមខ្លួនផ្តល់កាលបរិច្ឆេទជាក់លាក់នៅឡើយទេ។ មានការងារជាច្រើនដែលត្រូវធ្វើ»។
បណ្ដាអ្នកការទូតបានឲ្យដឹងថា សមាជិកភាព EU របស់អ៊ុយក្រែននៅឆ្នាំ២០២៧ ត្រូវបានបញ្ចូលទៅក្នុងផែនការសន្តិភាព ២០ចំណុចដែលបានពិភាក្សា រវាងសហរដ្ឋអាមេរិក អ៊ុយក្រែន និង EU ជាវិធានការមួយ ដើម្បីធានាបាននូវវិបុលភាពសេដ្ឋកិច្ចរបស់អ៊ុយក្រែន បន្ទាប់ពីសង្គ្រាមបញ្ចប់។
ប៉ុន្តែរដ្ឋាភិបាលសហភាពអឺរ៉ុបជាច្រើន ជឿថា កាលបរិច្ឆេទ ឬកាលបរិច្ឆេទពិសេសផ្សេងណាមួយ គឺមិនប្រាកដនិយមទាំងស្រុងនោះទេ ពីព្រោះការចូលជាសមាជិក EU គឺជាដំណើរការដែលផ្អែកលើគុណសម្បត្តិ ដោយការឆ្ពោះទៅមុខ លុះត្រាតែមានវឌ្ឍនភាពក្នុងការកែសម្រួលច្បាប់របស់ប្រទេសមួយស្របតាមស្តង់ដាររបស់ EU។
អ៊ុយក្រែនបានដាក់ពាក្យស្នើចូលរួមជាមួយសហភាពអឺរ៉ុប ប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយស្វែងរកការចងភ្ជាប់ខាងនយោបាយ និងសេដ្ឋកិច្ចទៅលោកខាងលិច៕

