រដ្ឋាភិបាលសហភាពអឺរ៉ុប បានលើកឡើងជាយូរមកហើយថា ឯកភាពគឺជាការឆ្លើយតបដ៏ល្អបំផុត ចំពោះសម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងចិន ប៉ុន្តែកំពុងរកឃើញថា ប្លុកត្រូវការជាបន្ទាន់ ដើម្បីជំរុញការប្រកួតប្រជែងរបស់អឺរ៉ុប ហើយថា ការរង់ចាំរដ្ឋសមាជិកទាំង ២៧ ផ្ដល់ការយល់ព្រម អាចចំណាយពេលយូរពេក។
នោះគឺជាសារដ៏ច្បាស់លាស់ ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ក្រៅផ្លូវការមួយ នៅប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានផ្តល់ឲ្យប្លុករហូតដល់ខែមិថុនា ដើម្បីធ្វើឲ្យមានវឌ្ឍនភាព ស្ដីពីសហភាពទីផ្សារហិរញ្ញវត្ថុដែលជាប់គាំង។
សហភាពទីផ្សារមូលធននេះ នឹងអាចឲ្យប្លុកវិនិយោគទ្រង់ទ្រាយធំ ក្នុងកម្រិតមួយ ដើម្បីផ្គូផ្គងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែផលប្រយោជន៍ពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេស និងក្រុមវិជ្ជាជីវៈផ្សេងៗ បានរារាំងការធ្វើសមាហរណកម្មណាមួយអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។

លោកស្រី von der Leyen និងលោក Macron បានលើកឡើងដូចគ្នាថា ឥឡូវនេះ លុះត្រាតែមានវឌ្ឍនភាពគ្រប់គ្រាន់នៅខែមិថុនា ទើបក្រុមតូចមួយដែលមានសមាជិកសហភាពអឺរ៉ុបយ៉ាងហោចណាស់ ៩ប្រទេស អាចបន្តឆ្ពោះទៅមុខក្នុង «កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ» ដោយមានវិធានការ និងកំណែទម្រង់ដែលត្រូវការ។
អ្នកការទូតសហភាពអឺរ៉ុបម្នាក់ បាននិយាយថា៖ «វាជាគំនិតល្អក្នុងការដាក់សម្ពាធឲ្យរដ្ឋជាសមាជិកយល់ព្រមលើឯកសារមួយចំនួន ប៉ុន្តែជាគំនិតមិនល្អសោះ សម្រាប់អនាគតរបស់អឺរ៉ុប»។ ចំណែកអ្នកការទូតម្នាក់ទៀតបាននិយាយថា៖ «និយាយដោយសាមញ្ញទៅ វាគ្រាន់តែផ្ទុយពីសាមគ្គីភាពដែលយើងចូលចិត្តធ្វើនៅក្នុងវិស័យផ្សេងទៀត» ។
ប៉ុន្តែអ្នកការទូតទី៣ បានលើកឡើងថា វាច្បាស់ណាស់ថា ផែនការ A គឺត្រូវធ្វើឲ្យមានវឌ្ឍនភាពជាមួយសមាជិក EU ទាំង ២៧ ហើយវាគឺជាការល្អដែលមានផែនការ B ត្រៀមទុក៕
