នគរបាលបានឲ្យដឹងថា រថភ្លើង ១គ្រឿង បានធ្លាក់ចេញផ្លូវនៅព្រឹកថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ នៅភាគខាងត្បូងនៃប្រទេសស្វីស ដោយបានបន្ថែមថា ទំនងជាមានអ្នករបួសច្រើននាក់ ក្នុងហេតុការណ៍នោះ។
តាមរយៈការបង្ហោះ នៅលើវេទិកាបណ្ដាញសង្គម X នគរបាលតំបន់បានឲ្យដឹងថា «រថភ្លើងធ្លាក់ផ្លូវនេះ ប្រហែលជានាំឲ្យមានអ្នករបួស» ដោយបានបន្ថែមថា ការធ្លាក់ផ្លូវនេះបានកើតឡើងនៅម៉ោង ៧:០០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:០០ ម៉ោងសកល) នៅតំបន់ Goppenstein ហើយព័ត៌មានបន្ថែមនឹងបន្តផ្ដល់ជូនតាមក្រោយ នៅពេលដែលខ្លួនអាចទទួល។

នគរបាលបាននិយាយនៅពេលដែលត្រូវបានសួរដោយសារព័ត៌មាន AFP ថា មិនមានព័ត៌មានលម្អិតបន្ថែមទៀត អំពីឧប្បត្តិហេតុនេះនោះទេ។ បើតាមដឹង មានមនុស្សប្រហែល ៨០នាក់ជិះនៅលើរថភ្លើងនោះ នៅពេលដែលវាបានធ្លាក់ចេញពីផ្លូវ។
ប្រតិបត្តិកររថភ្លើងសហព័ន្ធ CFF បានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា ចរាចរណ៍រថភ្លើង «ត្រូវបានរំខាន រវាងតំបន់ Goppenstein និង Brig» ដោយសារតែបំណាក់ព្រិលទឹកកក៕
