រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា លោកនឹងជួបជាមួយនាយកស្ថាប័នឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ពោលគឺមួយថ្ងៃនៅមុនការចរចានុយក្លេអ៊ែរជុំទី២ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមការចរចាជាថ្មីឡើងវិញ នៅដើមខែនេះ ដើម្បីដោះស្រាយជម្លោះអស់ជាច្រើនទសវត្សរ៍ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធាថ្មី ខណៈដែលនាវាចម្បាំងអាមេរិក រួមទាំងនាវាផ្ទុកយន្តហោះទី២ កំពុងដាក់ពង្រាយទៅកាន់តំបន់នេះ។
លោក Araghchi បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ខ្ញុំនៅទីក្រុងហ្សឺណែវ ជាមួយនឹងការមានគំនិតពិតប្រាកដ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងសមធម៌។ អ្វីដែលមិនមាននៅលើតុពិភាក្សានោះ គឺថា មិនមានការចុះញ៉ម នៅចំពោះមុខការគំរាមកំហែងឡើយ»។

ទោះបីជាទីក្រុងវ៉ាស៊ីនតោន បានស្វែងរកការពង្រីកវិសាលភាពនៃការចរចាទៅកាន់បញ្ហាមិនមែននុយក្លេអ៊ែរ ដូចជាឃ្លាំងស្តុកមីស៊ីលរបស់អ៊ីរ៉ង់ក៏ដោយ ក៏ទីក្រុងតេអេរ៉ង់ បញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាអំពីការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ហើយនឹងមិនទទួលយកការបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមទាំងស្រុងនោះឡើយ។
អ៊ីរ៉ង់លើកឡើងដដែលៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងស៊ីវិលប៉ុណ្ណោះ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីបំបាត់ក្ដីបារម្ភទាក់ទងនឹងអាវុធនុយក្លេអ៊ែរ ដោយ «បង្កើតឲ្យមានការជឿជាក់ថា ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺ និងនឹងបន្តសម្រាប់តែគោលបំណងសន្តិភាព»។
លោក Araghchi បាននិយាយថា លោកនឹងជួបជាមួយលោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅថ្ងៃចន្ទនេះ រួមជាមួយនឹងអ្នកជំនាញនុយក្លេអ៊ែរ «សម្រាប់ការពិភាក្សាបច្ចេកទេសស៊ីជម្រៅ»៕
