វិមានក្រឹមឡាំងបានលើកឡើងនៅថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ខ្លួនបដិសេធយ៉ាងដាច់ណាត់ ចំពោះការចោទប្រកាន់ពីប្រទេសអឺរ៉ុបចំនួន ៥ ដែលថា រដ្ឋរុស្ស៊ីបានសម្លាប់អ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny ដែលបានស្លាប់ហើយ ដោយប្រើជាតិពុលពីសត្វកញ្ចាញ់ចេកពុល។
សម្ព័ន្ធមិត្តអឺរ៉ុបចំនួន ៥ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានចោទប្រកាន់ទីក្រុងមូស្គូថា បានសម្លាប់លោក Navalny ដោយប្រភេទថ្នាំពុលកម្រ ខណៈពេលដែលរូបលោកត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារកម្រិតធ្ងន់ដែនដីដាច់ស្រយាល នៅតំបន់អាក់ទិក កាលពី ២ឆ្នាំមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅពីថ្ងៃចន្ទនេះថា ទីក្រុងមូស្គូបដិសេធយ៉ាងដាច់ណាត់ ចំពោះអ្វីដែលលោកនិយាយថា ជាការចោទប្រកាន់មិនពិតទាល់តែសោះ។
លោក Peskov បានសង្កត់ធ្ងន់ថា៖ «ជាធម្មតា យើងមិនទទួលយកការចោទប្រកាន់បែបនេះទេ។ យើងមិនយល់ស្របជាមួយពួកគេទេ។ យើងចាត់ទុកពួកគេថា មានភាពលម្អៀង និងគ្មានមូលដ្ឋាន។ ហើយជាការពិតណាស់ យើងបដិសេធពួកគេយ៉ាងដាច់ណាត់»៕
