ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានរាយការណ៍នៅថ្ងៃចន្ទនេះថា ទីក្រុងតូក្យូ និងទីក្រុងអូតាវ៉ា បានផ្តល់ឲ្យទីក្រុងគៀវនូវថវិកាចំនួន ៦៩០ លានដុល្លារ ក្រោមយន្តការកម្មវិធីជំនួយសង្គ្រោះបន្ទាន់(ERA) ដែលពាក់ព័ន្ធនឹងការសងបំណុលដោយប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យសកម្មរុស្ស៊ីដែលត្រូវបានបង្កក។

គេហទំព័ររបស់ក្រសួង បានបញ្ជាក់ថា៖«អ៊ុយក្រែនបានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន និងកាណាដាចំនួន ៦៩០ លានដុល្លារ ក្រោមយន្តការ ERA របស់ក្រុមប្រទេស G7 ។ មូលនិធិទាំងនោះ ត្រូវបានទទួលក្រោមយន្តការERAរបស់ក្រុមប្រទេស G7 តាមរយៈកម្មវិធីសន្តិភាពនៅអ៊ុយក្រែន ( PEACE in Ukraine) របស់ធនាគារពិភពលោក»។
ក្រសួងបានបញ្ជាក់ថា ភាគីជប៉ុនបានផ្តល់ថវិកាចំនួន ៥៤៤ លានដុល្លារ និងភាគីកាណាដា បានផ្តល់ ថវិកាចំនួន ១៤៦ លានដុល្លារ។ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន បានរំលឹកថា ក្រសួង និងធនាគារពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការផ្តល់មូលនិធិជំនួយឥតសំណង ក្រោមគម្រោង «ការគាំទ្រសម្រាប់ការចំណាយរបស់រដ្ឋ ដើម្បីធានាបាននូវរដ្ឋបាលសាធារណៈប្រកបដោយចីរភាពនៅអ៊ុយក្រែន» គឺកម្មវិធី (PEACE in Ukraine) នៅថ្ងៃទី ០៦ ខែកុម្ភៈ។
នាពេលថ្មីៗនេះ បណ្តាប្រទេសសហភាពអឺរ៉ុបបានសម្រេចចិត្តធានាការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងកម្រិត ៩០ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ ២០២៦-២០២៧៕
