រដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តដំណើរការមួយ ដើម្បីចុះបញ្ជីដីធ្លី នៅតំបន់ West Bank ជា «ទ្រព្យសម្បត្តិរដ្ឋ» ជាចំណាត់ការដែលនាំឲ្យមានការថ្កោលទោសពីបណ្ដាប្រទេសអារ៉ាប់ និងអ្នករិះគន់ ដែលបានលើកឡើងថា វានឹងពន្លឿនដល់ដំណើរការបញ្ចូលដែនដីប៉ាឡេស្ទីនជាឧបសម្ព័ន្ធ។
ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា វិធានការនេះដែលត្រូវបានអនុម័តកាលពីថ្ងៃអាទិត្យ (ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) នឹងអាចឲ្យមាន «ការបញ្ជាក់ច្បាស់លាស់ និងជាក់លាក់ អំពីសិទ្ធិ ក្នុងការដោះស្រាយជម្លោះផ្លូវច្បាប់» ហើយវាត្រូវការចាំបាច់ បន្ទាប់ពីមានការចុះបញ្ជីដីធ្លីខុសច្បាប់ នៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន។
ប៉ុន្តែអេហ្ស៊ីប កាតា និងហ្ស៊កដានី បានរិះគន់ចំណាត់ការនេះថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលអេហ្ស៊ីប បានហៅការធ្វើបែបនេះថា ជា «ការបង្កើននូវភាពតានតឹងដ៏គ្រោះថ្នាក់ ដែលមានគោលបំណងពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីនដែលត្រូវបានកាន់កាប់»។

ក្រសួងការបរទេសកាតា បានថ្កោលទោស «ការសម្រេចប្រែក្លាយដី នៅតំបន់ West Bank ឲ្យទៅជាអ្វីដែលគេហៅថា «ទ្រព្យសម្បត្តិរដ្ឋ» ដោយបញ្ជាក់ថា វានឹង «ធ្វើឲ្យបាត់បង់សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន»។
អាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុង Ramallah បានអំពាវនាវឲ្យមានអន្តរាគមន៍អន្តរជាតិដើម្បីទប់ស្កាត់ «ការចាប់ផ្តើមជាក់ស្តែងនៃដំណើរការបញ្ចូលជាដែនដីសម្ព័ន្ធនេះ និងការធ្វើឲ្យខូចដល់គ្រឹះនៃរដ្ឋប៉ាឡេស្ទីន»។
ចំណែកស្ថាប័នឃ្លាំមើលប្រឆាំងនឹងការតាំងទីលំនៅរបស់អ៊ីស្រាអែល គឺអង្គការ Peace Now បានហៅវិធានការនេះថា ជា «ការរឹបអូសដីធ្លីដ៏ធំ»៕

