មន្ត្រីនគរបាលក្រិក បានឲ្យដឹងថា ផលិតការិនីជនជាតិអ៊ីស្រាអែល ដែលផលិតរឿងភាគភ័យរន្ធត់បែបចារកម្មដ៏ល្បីល្បាញមានចំណងជើង «Tehran» ត្រូវបានប្រទះឃើញស្លាប់ កាលពីថ្ងៃអាទិត្យ (ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦) នៅក្នុងបន្ទប់សណ្ឋាគារមួយក្នុងទីក្រុងអាតែន ខណៈពេលដែលការស៊ើបអង្កេតលើហេតុការណ៍នេះ កំពុងដំណើរការ។
សាកសពរបស់ស្ត្រីវ័យ ៥២ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថា Dana Eden ត្រូវបានគេរកឃើញបន្ទាប់ពីសាច់ញាតិម្នាក់ បានព្យាយាមទាក់ទងលោកស្រីជាច្រើនដង តែមិនបានសម្រេច។
មន្ត្រីនគរបាលបាននិយាយថា ករណីនេះកំពុងត្រូវបានចាត់ទុកថា ជាការធ្វើអត្តឃាតដោយផ្អែកលើភស្តុតាង និងសក្ខីកម្ម។ អ្នកស៊ើបអង្កេតក្រិកបានរកឃើញថ្នាំគ្រាប់នៅកន្លែងកើតហេតុ។ អ្នកពិនិត្យសព ក៏បានរកឃើញស្នាមជាំនៅលើកញ្ចឹងករបស់ជនរងគ្រោះផងដែរ។
ក្រុមហ៊ុនផលិតកម្មភាពយន្តអន្តរជាតិ Donna & Shula Productions បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាពេលវេលាដ៏សោកសៅ ទាំងសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ»។
ក្រុមហ៊ុននេះបានបន្ថែមថា «ក្រុមហ៊ុនផលិតកម្មចង់បញ្ជាក់ឲ្យបានច្បាស់ថា ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការស្លាប់ដែលទាក់ទងនឹងឧក្រិដ្ឋកម្ម ឬជាតិនិយម មិនមែនជាការពិត និងគ្មានមូលដ្ឋានឡើយ» ដោយជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ចៀសវាងការបោះពុម្ពផ្សាយនូវការអះអាងដែលមិនបានផ្ទៀងផ្ទាត់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Kan បានរាយការណ៍ថា លោកស្រី Eden កំពុងស្ថិតនៅក្នុងប្រទេសក្រិកថតរឿងភាគរដូវកាលទី៤ នៃខ្សែភាពយន្តចំណងជើង Tehran៕