
លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយនៅថ្ងៃចន្ទ (ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា ចក្រភពអង់គ្លេស គួរតែបង្កើន និងពន្លឿនការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីមានរបាយការណ៍មួយថា រដ្ឋាភិបាលកំពុងពិចារណាធ្វើឲ្យកាន់តែលឿននូវគោលដៅរបស់ខ្លួន ក្នុងការចំណាយ ៣ភាគរយនៃទិន្នផលសេដ្ឋកិច្ចលើវិស័យការពារជាតិ។
ចក្រភពអង់គ្លេស ដែលបានព្រមានអំពីហានិភ័យបង្កឡើងដោយរុស្ស៊ី បានលើកឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៥ ថា ខ្លួននឹងបង្កើនការចំណាយលើវិស័យការពារជាតិប្រចាំឆ្នាំដល់ ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន នៅឆ្នាំ២០២៧ និងដាក់គោលដៅដល់ ៣ភាគរយ នៅពេលមានសភាបន្ទាប់ ដែលត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមលេចឡើង បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០២៩។
ប្រព័ន្ធផ្សព្វផ្សាយ BBC បានរាយការណ៍ថា រដ្ឋាភិបាលកំពុងស្វែងយល់ពីវិធី ដើម្បីសម្រេចបានគោលដៅ ៣ភាគរយ នៅឆ្នាំ២០២៩។ យ៉ាងណាក្ដី រដ្ឋាភិបាលបានឲ្យដឹងថា មិនទាន់មានការសម្រេចណាមួយត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែខ្លួនទទួលស្គាល់ថា ផែនការបច្ចុប្បន្ន នឹងមិនគ្របដណ្តប់លើការចំណាយលើវិស័យការពារជាតិដែលកំពុងកើនឡើងនោះទេ។
នៅពេលត្រូវបានសួរថា តើលោកនឹងធ្វើឲ្យគោលដៅនេះលឿនជាងឆ្នាំ២០២៩ ដែរ ឬទេ លោក Starmer បានបន្ទរតាមការអត្ថាធិប្បាយដែលលោកបានធ្វើនៅក្នុងសន្និសីទសន្តិសុខទីក្រុងមុយនិក (Munich Security Conference) ក្នុងប្រទេសអាល្លឺម៉ង់ ជាទីដែលលោកបាននិយាយថា អឺរ៉ុបបានរួបរួមគ្នា ដើម្បីគាំទ្រអ៊ុយក្រែន ដោយការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ ហើយពង្រឹងការត្រៀមខ្លួនផ្នែកយោធា។
លោក Starmer បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែកុម្ភៈនេះថា៖ «យើងត្រូវតែបង្កើនល្បឿន។ នោះមានន័យថា ពាក់ព័ន្ធនឹងការចំណាយលើវិស័យការពារជាតិ យើងត្រូវទៅពន្លឿនឲ្យលឿនជាងមុន។ ជាក់ស្តែងយើងបានធ្វើការប្តេជ្ញាចិត្តរួចហើយទាក់ទងនឹងរឿងនោះ ប៉ុន្តែគ្រប់យ៉ាង វាមិនមែនត្រឹមការជាចំណាយកម្រិតណានោះទេ»៕