អ្នកនាំពាក្យក្រសួងការពារជាតិនីហ្សេរីយ៉ា បាននិយាយថា បុគ្គលិកយោធាសហរដ្ឋអាមេរិក ប្រហែល ១០០ នាក់ បានទៅដល់នីហ្សេរីយ៉ារួចហើយ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងពង្រីកប្រតិបត្តិការមួយដើម្បីកំណត់គោលដៅលើក្រុមបះបោរអ៊ិស្លាមនិយម។

លោកប្រធានាធិបតី Donald Trump បានចោទនីហ្សេរីយ៉ាថា បានបរាជ័យក្នុងការការពារគ្រិស្តបរិស័ទពីពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម នៅភាគពាយព្យ។ នីហ្សេរីយ៉ាបដិសេធថា ខ្លួនមិនបានរើសអើងសាសនាណាមួយឡើយ ហើយថា កងកម្លាំងសន្តិសុខរបស់ខ្លួនកំណត់គោលដៅលើក្រុមប្រដាប់អាវុធនានាដែលវាយប្រហារទាំងគ្រិស្តសាសនិក និងមូស្លីម។
សហរដ្ឋអាមេរិក បានបើកការវាយប្រហារដោយកំណត់គោលដៅលើពួកសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ិស្លាម (ISIS) កាលពីខែធ្នូកន្លងទៅ ហើយយោធាអាមេរិកតូចមួយក្រុម កំពុងធ្វើប្រតិបត្តិការនៅទីនោះ ដើម្បីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់របស់នីហ្សេរីយ៉ា។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ យន្តហោះជាច្រើនគ្រឿងដែលដឹកកងទ័ព និងសម្ភារៈរបស់អាមេរិក បានទៅកាន់រដ្ឋភាគខាងជើងរបស់នីហ្សេរីយ៉ា នេះបើតាមទិន្នន័យតាមដានការហោះហើរ ដែលពិនិត្យដោយសារព័ត៌មានរ៉យទ័រ។
ឧត្តមសេនីយ៍ឯក Samaila Uba អ្នកនាំពាក្យនៃទីបញ្ជាការការពារជាតិនីហ្សេរីយ៉ា បាននិយាយថា កងទ័ពទាំងនោះនឹងបណ្តុះបណ្តាល និងផ្តល់ការណែនាំដល់កងកម្លាំងក្នុងស្រុក ប៉ុន្តែមិនចូលរួមក្នុងការប្រយុទ្ធទេ។ កាលពីដើមខែនេះ យោធានីហ្សេរីយ៉ា និយាយថា ខ្លួនរំពឹងថានឹងមានកងទ័ពអាមេរិកប្រហែល ២០០នាក់បន្ថែមទៀត ដើម្បីជួយកងកម្លាំងជាតិ ក្នុងការប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធ៕

