មនុស្ស៣នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារមួយកាលពីថ្ងៃចន្ទ១៦កុម្ភៈសប្ដាហ៍នេះ រួមទាំងជនសង្ស័យផងដែរ នៅឯការប្រកួតកីឡា Hockey ក្នុងវិទ្យាល័យមួយរបស់ទីក្រុង Pawtucket រដ្ឋ រ៉ូដ អាយឡិន ( Rhode Island)សហរដ្ឋអាមេរិក។
យោងតាមលោកស្រី Tina Goncalves ស្នងការនគរបាលក្រុង Pawtucket ជនរងគ្រោះដោយការបាញ់ប្រហារចំនួន ៣ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកស្រីពុំបានបង្ហាញពីស្ថានភាពនៃរបួសរបស់ពួកគេទេ។
លោកស្រី Goncalves បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មន្ត្រីនគរបាលត្រូវបានបញ្ជូនទៅកាន់ Dennis M. Lynch Arena ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍នៃការបាញ់ប្រហារមុនម៉ោង ២:៣០នាទី រសៀល ។ លោកស្រីបញ្ជាក់ថាកងកម្លាំងនគរបាលបានប្រទះឃើញជនសង្ស័យជាក្មាន់កាំភ្លើងស្លាប់នៅកន្លែងកើតហេតុដោយសារតែរបួសដែលបណ្តាលមកពីការបាញ់ខ្លួនឯង។
ជនរងគ្រោះម្នាក់ត្រូវបានគេរកឃើញថាស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យក្នុងស្រុក។លោកស្រី Goncalves ពុំបានចេញផ្សាយព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានលម្អិតអំពីជនរងគ្រោះ ឬជនសង្ស័យបាញ់ប្រហារនោះទេ ដោយពន្យល់ថា ការជូនដំណឹងពីក្រុមគ្រួសារមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ៕
