ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ ១៦កុម្ភៈសប្ដាហ៍នេះថា អ៊ីស្រាអែលមានគម្រោងផ្តល់រយៈពេល៦០ ថ្ងៃដល់ក្រុមហាម៉ាសដើម្បីរំសាយអាវុធ ហើយប្រសិនបើមិនដូច្នោះទេ យោធាអ៊ីស្រាអែលនឹងត្រលប់ទៅធ្វើសង្គ្រាមនៅតំបន់ហ្កាហ្សាវិញ ។

លោក Yossi Fuchs ប្រធានទទួលបន្ទុកគណៈរដ្ឋមន្ត្រី បានធ្វើសេចក្តីថ្លែងការណ៍នេះមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីបានអះអាងថា ក្រុមភេរវករត្រូវតែបោះបង់ចោលអាវុធតូចៗរបស់ខ្លួនជាផ្នែកមួយនៃដំណើរការរំសាយអាវុធ រួមទាំងកាំភ្លើង AK-47 របស់ខ្លួនផងដែរ បន្ទាប់ពីមានរបាយការណ៍មួយចំនួនថា ក្រុមភេរវករនេះ អាចត្រូវបានអនុញ្ញាតឱ្យកាន់កាំភ្លើងរបស់ខ្លួនសម្រាប់ពេលនេះ។

ថ្លែងនៅទីក្រុង Jerusalem ទៅកាន់សន្និសីទ Besheva Group លោក Fuchs បាននិយាយថា រដ្ឋបាលលោក Trump បានស្នើសុំរយៈពេល៦០ ថ្ងៃ ហើយពួកលោកកំពុងគោរពតាម។
លោក Fuchs បានបញ្ជាក់ថា លោកមិនប្រាកដថាពេលណារយៈពេល៦០ ថ្ងៃនឹងចាប់ផ្តើមនោះទេ ប៉ុន្តែប្រហែលអាចចាប់ផ្តើមជាមួយនឹងសន្និសីទក្រុមប្រឹក្សាសន្តិភាពនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

លោកបាននិយាយថា ក្នុងអំឡុងពេលនោះ ក្រុមហាម៉ាស នឹងត្រូវបោះបង់ចោលអាវុធទាំងអស់របស់ខ្លួន រួមទាំងកាំភ្លើងវែងផង ដោយអះអាងថា អ៊ីស្រាអែល នឹងរឹបអូសយកកាំភ្លើង AK-47 របស់ក្រុមភេរវករនេះទាំងស្រុង៕