ក្រុមសិទ្ធិមនុស្សបាននិយាយថា មីស៊ីលបាញ់ដោយយានដ្រូនបានវាយប្រហារលើទីផ្សារមួយកន្លែងក្នុងតំបន់ Kordofan ភាគកណ្តាលប្រទេសស៊ូដង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ ក្រុម Emergency Lawyers ជាក្រុមតាមដានអំពើហិង្សាលើជនស៊ីវិល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា យានដ្រូនបានទម្លាក់គ្រាប់បែកលើទីផ្សារ al-Safiya ក្នុងទីក្រុង Sodari រដ្ឋNorth Kordofan។

ការទម្លាក់គ្រាប់បែក បានកើតឡើងនៅពេលដែលទីផ្សារមានមនុស្សច្រើនកុះកុញ «ធ្វើឱ្យសោកនាដកម្មមនុស្សធម៌កាន់តែធ្ងន់ធ្ងរ» ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។ ក្រុមនេះ បាននិយាយថា «ការវាយប្រហារ បានកើតឡើងនៅពេលដែលទីផ្សារមានមនុស្សច្រើនជាជនស៊ីវិល រួមទាំងស្ត្រី កុមារ និងមនុស្សចាស់»។

សេចក្តីថ្លែងការណ៍បាននិយាយថា «ការប្រើប្រាស់យានដ្រូនដដែលៗដើម្បីកំណត់គោលដៅលើតំបន់ដែលមានប្រជាជនរស់នៅច្រើន បង្ហាញពីការមិនគោរពចំពោះជីវិតជនស៊ីវិល និងជាសញ្ញានៃការកើនឡើងការគំរាមកំហែងដល់អ្វីដែលនៅសល់នៃជីវិតប្រចាំថ្ងៃនៅក្នុងតំបន់។ ដូច្នេះ យើងទាមទារឱ្យបញ្ឈប់ការវាយប្រហារដោយយានដ្រូនដោយភាគីជម្លោះទាំងពីរ ជាបន្ទាន់»។ តំបន់នេះបច្ចុប្បន្នគឺជាសមរភូមិជួរមុខដ៏បង្ហូរឈាមបំផុតនៅក្នុងសង្គ្រាមរយៈពេលបីឆ្នាំមកនេះរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF)។