ទីផ្សារហិរញ្ញវត្ថុសកល ជាពិសេសនៅអាស៊ី កំពុងតែដើរទៅមុខដោយប្រុងប្រយ័ត្នបំផុតនៅថ្ងៃអង្គារ (១៧ កុម្ភៈ) នេះ ក្នុងការជួញដូរធ្លាក់ចុះបន្តិចប៉ុន្តែមិនសូវប្រែប្រួលខ្លាំងប៉ុន្មានទេនៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនដ៏ធំ ហើយតម្លៃប្រេងបានកើនឡើងខ្ពស់ ខណៈវិនិយោគិនរង់ចាំមើលកិច្ចចរចានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ ដែលគ្រោងនឹងចាប់ផ្តើមថ្ងៃអង្គារនេះ។

ទីផ្សារនៅចិនដីគោក ក្រុងហុងកុង សិង្ហបុរី កោះតៃវ៉ាន់ និងកូរ៉េខាងត្បូង ត្រូវបានបិទនៅថ្ងៃអង្គារនេះ ដោយសារថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន ចំណែកទីផ្សារអាមេរិក បានបិទកាលពីថ្ងៃចន្ទ ដោយសារថ្ងៃបុណ្យទិវាប្រធានាធិបតី។ នៅថ្ងៃអង្គារនេះ សន្ទស្សន៍ Nikkei របស់ជប៉ុន ធ្លាក់ចុះ ០,៥% ។ នៅអូស្ត្រាលី សន្ទស្សន៍ S&P/ASX200 កំពុងជួញដូរខ្ពស់ជាងមុនជិត ០,៥%។

តម្លៃប្រេងបានកើនឡើង មុនកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង ស្របពេលដែលការផ្គត់ផ្គង់របស់អង្គការ OPEC+ បានកើនឡើង។ ប្រេងឆៅ WTI របស់អាមេរិក កើនឡើងជាង ១% ហើយសន្ទស្សន៍ប្រេងឆៅ Brent កើនឡើងក្នុងកម្រិតស្រដៀងគ្នានេះ។

ក្រុមអ្នកវិភាគទីផ្សារសកលបាននិយាយថា «ទីផ្សារនៅតែមិនទាន់មានភាពស្ងប់ស្ងាត់នៅឡើយ ដោយសារភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ហើយវិនិយោគិននៅតែមានការប្រុងប្រយ័ត្នដោយសារតែកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងកិច្ចចរចាដាច់ដោយឡែកស្ដីពីបញ្ហាអ៊ុយក្រែន ដែលកំពុងធ្វើឡើងនៅសប្តាហ៍នេះ»៕