ក្រុមទីប្រឹក្សាឯករាជ្យរបស់ប្លុកអឺរ៉ុប បាននិយាយនៅថ្ងៃអង្គារ (១៧ កុម្ភៈ) នេះថា សហភាពអឺរ៉ុប មិនទាន់ត្រៀមខ្លួនឱ្យបានល្អនោះទេ សម្រាប់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ ហើយគួរតែបង្កើនការវិនិយោគរបស់ខ្លួនជាបន្ទាន់ ដើម្បីការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធពីទឹកជំនន់ ចំហេះព្រៃ និងរលកកម្ដៅធ្ងន់ធ្ងរ។

យោងតាមអង្គការឧតុនិយមពិភពលោក WMO បានឱ្យដឹងថា បម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទ្វីបអឺរ៉ុប ក្លាយជាទ្វីបដែលមានការឡើងកម្ដៅលឿនបំផុតក្នុងពិភពលោក ដែលនាំឱ្យមានរលកកម្ដៅញឹកញាប់ និងខ្លាំងក្លាជាងមុន មានទឹកជំនន់ ការបំផ្លិចបំផ្លាញឆ្នេរសមុទ្រ និងព្យុះជាដើម។

ទិន្នន័យរបស់អឺរ៉ុបបង្ហាញថា ការខូចខាតសេដ្ឋកិច្ចដល់ហេដ្ឋារចនាសម្ព័ន្ធ និងអគារនៅអឺរ៉ុប ដោយសារបញ្ហាអាកាសធាតុ និងបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរ ឥឡូវនេះមានចំនួន ៤៥ពាន់លានអឺរ៉ូ (ប្រមាណ ៥៣,៣៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ដែលខ្ពស់ជាង ៥ដងបើធៀបនឹងទសវត្សរ៍ឆ្នាំ១៩៨០។
ក្រុមប្រឹក្សាវិទ្យាសាស្ត្រអឺរ៉ុបស្តីពីបម្រែបម្រួលអាកាសធាតុ បាននិយាយថា ទោះបីជាប្លុកនេះមានគោលដៅដ៏មហិច្ឆតាក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដែលជាមូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុក៏ដោយ ក៏ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះមិនបានជោគជ័យក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុធ្ងន់ធ្ងរនោះទេ ព្រោះ «កង្វះភាពស៊ីសង្វាក់គ្នា កង្វះការសម្របសម្រួល និងកង្វះថវិកាផងដែរ»។

ទីប្រឹក្សាទាំងនោះព្រមានថា បើពុំមានការត្រៀមខ្លួនឱ្យបានរឹងមាំជាងនេះទេ អាកាសធាតុអាក្រក់នឹងប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់សហភាពអឺរ៉ុប ដែលធ្វើឱ្យថវិកាសាធារណៈរងការរឹតត្បិត និងបង្កើនហានិភ័យសន្តិសុខ៕