ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងលោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចាត់ក្រុមការងារក្រុមគ្រូពេទ្យដោយសហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការ យល់ដឹងពីសុខភាពរស់នៅប្រចាំថ្ងៃនូវវិធានការណ៍ការពារជំងឺកូវីដ-១៩។
ក្រុមយុវជនបានបញ្ជ្រាបការយល់ដឹងវិធានការ ៣កុំ ៣ការពារ ការពាក់ម៉ាស់ បាញ់អាកុល លាងដៃនឹងសាប៊ូអោយបានញឹកញាប់ ការធ្វើចត្តាឡីស័ក និងគម្គាតសុវត្ថិភាពអោយបានត្រឹមត្រូវ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទះគំរូអង្គការ Scott ជាង ២០០ ខ្នងផ្ទះ និងប្រជាពលរដ្ឋដែលរស់នៅតាមខ្នងផ្ទះចំនួនជាង ២០០ គ្រួសារទៀត ដែលរស់នៅក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ៕



