មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem កាលពីថ្ងៃចន្ទ បានព្រមានថា អ៊ីស្រាអែលនឹងប្រឈម ការឆ្លើយតបដ៏ឈឺចាប់ ប្រសិនបើភាពតានតឹងកើនឡើង ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាំទ្រដោយផ្ទាល់ដល់ប្រតិបត្តិការយោធាអ៊ីស្រាអែល និងការពង្រីកតំបន់។

ថ្លែងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធ លោក Qassem បានថ្លែងនៅក្នុងសុន្ទរកថាមួយដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ al-Manar ថា អ៊ីស្រាអែលកំពុងបន្ត «សម្ពាធអតិបរមា» ដែលមានគោលបំណងទាញយកសម្បទាននយោបាយ ខណៈពេលដែលជៀសវាងការចំណាយកាន់តែច្រើនទៅលើសង្គ្រាម។ លោកបានបន្ថែមថា ទោះបីជាអ៊ីស្រាអែលអាចសម្រេចបាននូវឧត្តមភាពយោធាយុទ្ធសាស្ត្រ នៅក្នុងការប្រឈមមុខដាក់គ្នាមួយចំនួនក៏ដោយ ក៏ប្រទេសនេះ នឹងមិនអាចដាក់ការគ្រប់គ្រង ឬស្ថិរភាពយូរអង្វែងបានដែរ។

លោក Qassem បានពិពណ៌នាអំពីអ៊ីស្រាអែលថា ជា «អង្គភាពពង្រីកទឹកដី» ដែលកំពុងស្វែងរកការគ្រប់គ្រងទឹកដីកាន់តែទូលំទូលាយនៅទូទាំងដែនប៉ាឡេស្ទីន និងតំបន់។ លោកបានព្រមានប្រឆាំងនឹងការសដដាក់បញ្ចូលបន្តិចម្តងៗ និងជាផ្លូវការនូវតំបន់វេសបែង។ លោកបានចង្អុលបង្ហាញពីការវិវត្តនៅក្នុងតំបន់ហ្កាហ្សា ដោយអះអាងថា ផ្នែកសំខាន់ៗនៃទឹកដីនេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់អ៊ីស្រាអែល។
លោកក៏បានពណ៌នាអំពីសហរដ្ឋអាមេរិកថា ជា «ដៃគូពេញលេញ» នៅក្នុងសកម្មភាពរបស់អ៊ីស្រាអែល ដោយចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនគ្រប់គ្រងប្រតិបត្តិការ និងផ្តល់ការគាំទ្រផ្នែកនយោបាយ និងការទូតសម្រាប់យុទ្ធនាការយោធា និងការពង្រីកទឹកដី។
ក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលរួមក្នុងការប្រយុទ្ធគ្នាឆ្លងកាត់ព្រំដែន បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះហ្កាហ្សា ក្នុងខែតុលា ឆ្នាំ ២០២៣៕