នៅថ្ងៃទី១៧ខែកុម្ភៈនេះ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បន្តនាំគ្នាទៅវិហារអ្នកតាចិន នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបួងសួង សុំលាភ សុំជ័យ សេចក្តីសុខក្នុងគ្រួសារ និងប្រទេសជាតិមានសុខសន្តិភាព រីកចម្រើនរៀងរហូត។
ពលរដ្ឋចាស់ក្មេង បានថ្លែងថា រៀងរាល់ឆ្នាំគេតែងជំនឿជឿជាក់ខ្លាំង និងនាំគ្នាមកវិហារអ្នកតាចិន នៅក្រុងតាខ្មៅ ដោយមានការទិញដើមអំពៅ ផ្លែទទឹម ក្រូច ធូបទៀន និងគ្រឿងសែននានា យកទៅសែនព្រេន សុំសេចក្តីសុខ ហេងលាភ មានជ័យ កាត់គ្រោះចង្រៃផ្សេងៗ ហើយតាមរយៈការបួងសួងនេះដែរ គេក៏បានបួងសួងប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព រីកចម្រើន មានទេសចរអន្តរជាតិ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនផងដែរ។
សូមបញ្ជាក់ថា ឆ្នាំនេះ ក៏ដូចឆ្នាំកន្លងមក កូនខ្មែរកាត់សែស្រឡាយចិនតែងនាំគ្នា សម្រុកចូលមកវិហារអ្នកតាចិន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ច្រើនហូរហែរ ចូលទៅអុជធូប ធ្វើពិធីសែនព្រេងស្ទើរគ្រប់រយៈពេល២៤ម៉ោង ក្នុងរយៈពេល៤ថ្ងៃ នៃពិធីសែន និងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដើម្បីសុំសេចក្តីសុខពីអ្នកតាចិនយកហេងលាភ មានជ័យ និងយកយ័ន្ត យកដើមអំពៅនោះទៅដាំនៅក្នុងផ្ទះ ហើយផ្លែទទឹមទៅដាក់នៅក្នុងផ្ទះដើម្បីសេចក្តីសុខ រកទទួលទានមានបាន តាមអបិយជំនឿរបស់អ្នកកាត់ខ្សែស្រឡាយចិន៕ អត្ថបទ៖ ស៊ុម សុខជា












