កាលពីថ្ងៃអាទិត្យ (១៥ កុម្ភៈ) ចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទម្លាយថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងកិច្ចប្រជុំថ្មីៗនេះ ឱ្យធ្វើការទាមទារសំខាន់ៗចំនួន ៤ចំណុចពីអ៊ីរ៉ង់ នៅក្នុងកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាខាងយោធាប្រឆាំងនឹងរបបទីក្រុងតេអេរ៉ង់។

ការទាមទារចំនួន ៤ របស់លោក Netanyahu គឺទីមួយ សារធាតុអ៊ុយរ៉ានីញ៉ូមដែលបានចម្រាញ់ទាំងអស់ ត្រូវតែយកចេញពីអ៊ីរ៉ង់ ទីពីរគឺអ៊ីរ៉ង់មិនអាចសមត្ថភាពចម្រាញ់ទៀតទេនៅពេលអនាគត ទីបីគឺត្រូវដាក់ដែនកំណត់លើរយៈចម្ងាយមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ហើយទីបួនគឺកងជីវពលតំណាងទាំងអស់របស់អ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវតែរុះរើចោល ខណៈមេដឹកនាំអ៊ីស្រាអែលរូបនេះ ហៅក្រុមប្រយុទ្ធតំណាងទាំងនោះថាជា «អ័ក្សនៃភេរវកម្ម»។
ក្រុមមន្ត្រីអាមេរិក កំពុងចូលរួមក្នុងកិច្ចពិភាក្សាការទូតដ៏មានហានិភ័យជាមួយអ៊ីរ៉ង់ ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីអាចជៀសវាងការវាយប្រហារដោយយោធា ដែលគំរាមកំហែងផ្តួលរំលំថ្នាក់ដឹកនាំបែបសាសនារបស់ប្រទេសនេះ ដែលកាន់តំណែងចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩មក។
លទ្ធផលនៃកិចចរចា ដែលជុំចុងក្រោយបំផុតធ្វើឡើងនៅទីក្រុងហ្សឺណេវ នឹងក្លាយជាពេលវេលាដ៏សំខាន់សម្រាប់តំបន់មជ្ឈិមបូព៌ាទាំងមូល ដែលកំពុងប្រឈមនឹងជោគវាសនាពីរផ្លូវ នោះគឺអាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមក្នុងតំបន់ដ៏បំផ្លិចបំផ្លាញ ឬក៏ចាប់ផ្តើមជំពូកថ្មីមួយដែលគ្មានការគំរាមកំហែងរបស់អ៊ីរ៉ង់ និងអស្ថិរភាពដែលទីក្រុងតេអេរ៉ង់បង្កឡើងតាមរយៈកងកម្លាំងប្រយុទ្ធតំណាងរបស់ខ្លួន៕


