ពលរដ្ឋខ្មែរកំពុងរស់នៅបរទេសជឿជាក់ថា ដំណើរទស្សកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅអាម៉េរិក និងអឺរ៉ុប នឹងធ្វើពិភពលោកកាន់តែចាប់អារម្មណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលអាចជួយបញ្ចេញសំឡេងអន្តរាគមន៍ដោះស្រាយជម្លោះនេះដោយសន្តិវិធី ដែលកម្ពុជាប្រាថ្នាចង់បាន។
តាមរយៈវីឌីអូឃ្លីបដែលBTVទទួលបាននៅថ្ងៃទី១៧ខែកុម្ភៈនេះ លោក ហ៊ន វណ្ណនាដ ពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាម៉េរិកបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមក្នុង កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក គឺជាការលើកស្ទួយកិត្តិយសប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសនឹងធ្វើឲ្យថ្នាក់ដឹកនាំពិភពលោកចាប់អារម្មណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា។
លោក ដាំ ភិរម្យ ពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកាណាដា បានលើកឡើងដែរថា តាមរយៈកិច្ចប្រជុំនេះលោកមានជំនឿយ៉ាងមុតមាំលើការដឹកនាំប្រកបដោយឆន្ទៈ ទស្សនៈវិស័យ និងការទទួលខុសត្រូវរបស់សម្តេច ធិបតី ក្នុងការបន្តថែរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។
គួរបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ពីថ្ងៃទី១៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ទូច សោភ័ណ
