អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបានបង្ហាញសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រ ព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ និងទស្សនកិច្ចនៅអឺរ៉ុប នឹងជួយពង្រីកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងទាក់ទាញប្រយោជន៍សេដ្ឋកិច្ច។
លោក រ៉ែន អាទិត្យសិលវតា អនុប្រធានសហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព និងទស្សនកិច្ចនៅអឺរ៉ុប គឺមានសារសំខាន់សម្រាប់ប្រទេសកម្ពុជាដែលផ្តោតលើ រឿងពីរធំៗ ទី១. សន្តិ ភាព និងទី២. កត្តាសេដ្ឋកិច្ច។ ហើយប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កំពុងតែគិត គូរជាចាំបាច់ទៅលើកត្តាការ ពារឲ្យបាននូវសន្តិភាព។
ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព គឺជាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។ ដូច្នេះដំណើរ ទស្សនកិច្ចនេះ គឺទទួលបាននៅផលចំណេញពីរ ទី១. ការពង្រឹងចំណងមិត្តភាព ការទំនាក់ទំនងផ្នែកការទូត និងនិយោបាយជាមួយប្រទេសមហាអំណាច និងប្រទេសនៅតំបន់អឺរ៉ុប និងទី២. ការសហការផ្នែកសេដ្ឋកិច្ច គឺទាក់ទាញការវិនិយោគចូលមកក្នុងប្រទេសកម្ពុជា បង្កើនចំណងមិត្តភាព ការទូត និងនយោបាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋអាម៉េរិក៕ អត្ថបទ៖ វង្ស សុភាព
